នៅទីក្រុងបាងកក សហរដ្ឋអាម៉េរិក និងចិន បានពិភាក្សាគ្នាដោយភាពស្មោះត្រង់

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតុនបានវាយតម្លៃថាមានភាពស្មោះត្រង់ និងសំខាន់​ក្នុងការ​ពិភាក្សា​ដែល​បានធ្វើឡើងនៅក្នុងរាជធានី​នៅប្រទេសថៃ រវាងប្រមុខ​ការទូតចិន លោកវ៉ាង យី និង​ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានសហរដ្ឋអាម៉េរិក លោកជែក ស៊ូលីវ៉ាន។ ឥស្សរជន​ទាំង​ពីរ បានលើកយកប្រធានបទជាច្រើនមកជជែកគ្នា មានជាអាទិ៍ ស្ថានភាព​នៅតៃវ៉ាន់ ដែលបង្កើត​ជា​ភាព​​តានតឹងរវាងមហាអំណាចទាំងពីរ។

កិច្ចពិភាក្សានៅទីក្រុងបាងកករវាង រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាងយី និងទីប្រឹក្សាសន្តិសុខ​ជាតិ​នៅសេតវិមានលោក ជែក ស៊ូលីវ៉ាន ត្រូវវិនិច្ឆ័យថា ធ្វើឡើងដោយភាពស្មោះត្រង់ និង​មានសារសំខាន់រវាងចិន និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៧ ខែមករា ហើយ​នៅ​ក្នុង​ចំណោម​ប្រធានបទដែលលើកឡើង ក៏មានសំណុំរឿងតៃវ៉ាន់ផងដែរ។

ទំនាក់ទំនងរវាងចិន និងអាម៉េរិក បានទទួលរងការខូចខាតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ​​ហេតុផល​នៃបញ្ហាជាច្រើន មានដូចជា ទំនាក់ទំនងជាមួយតៃវ៉ាន់ ពាណិជ្ជកម្ម ការ​ប្រជែង​គ្នា​នៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ការប្រយុទ្ធនឹងឥទ្ធិពលចិននៅអាស៊ីប៉ាស៊ីហ្វីក សមុទ្រ​ចិន​ខាងត្បូង ឬក៏បញ្ហាសិទ្ធមនុស្សនៅប្រទេសចិន។

ប៉ុន្តែប្រទេសទាំងពីរហាក់ដូចជាមានបំណងប្រាថ្នាចងភ្ជាប់កិច្ចសន្ទនាឡើងវិញ ដោយមាន​ការ​បញ្ជូន​​កាលពីឆ្នាំមុន​ដោយទីក្រុងវ៉ាស៊ីនតុន​នូវមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៅកាន់ទីក្រុងប៉េកាំង និង​ការរៀបចំ​នូវជំនួបកាលពីខែវិច្ចិកា រវាង​ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន និង​សមាភាគី​របស់លោកខាងចិន គឺលោកស៊ី​ ជីនពីង នៅរដ្ឋកាលីហ្វ័រនី។

ចេញពីកិច្ចសន្ទនារវាងលោកវ៉ាងយី និងលោកជែកស៊ូលីវ៉ាន់ សេតវិមានអាម៉េរិក បាន​បញ្ជាក់​ថា កិច្ចសន្ទនាតាមទូរសព្ទរវាងប្រមុខរដ្ឋទាំងពីរ ក៏កំពុងរៀបចំផងដែរ។

ក្នុងអំឡុងរយៈពេលពីរថ្ងៃ ប្រធានបទអំពីបច្ចេកវិជ្ជាថ្មី ក៏ត្រូវបានលើកយកមកពិភាក្សា ប្រទេស​​ទាំងពីរបានបញ្ជាក់អំពីឆន្ទៈរបស់ពួកគេធ្វើកិច្ចសន្ទនាពាក់ព័ន្ធនឹងរឿងបញ្ញាញាណ​សប្ប​និមិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការកំពុងមើលឃើញក្នុងការប្រយុទ្ធប្រឆាំង​នឹងការ​ជួញ​ដូរ​គ្រឿងញៀនជាមួយនឹងការបង្កើតក្រុមការងារទ្វេភាគីសម្រាប់រឿងនេះផងដែរ។

ក្រសួងការបរទេសចិន បានបញ្ជាក់ថា ៖ “ភាគីទាំងពីរ​ក៏បានពិភាក្សជា​យុទ្ធសាស្រ្ត​ដោយ​ភាព​ស្មោះត្រង់ មានសារៈសំខាន់ និងមានផ្លែផ្កា ជាពិសេស​នៅលើរបៀបដូចម្តេចគ្រប់គ្រង​ឲ្យ​សមរម្យ​នូវបញ្ហាសំខាន់ៗ និងរឿងរសើបសម្រាប់ទំនាក់ទំនងចិនអាម៉េរិក។”

លើកឡើងសារជាថ្មីនូវពាក្យសំដីរបស់ទីក្រុងប៉េកាំង សេតវិមានអាម៉េរិក បានបន្ថែមថា ជំនួប​នេះ​កើតឡើង​នៅក្នុងក្របខណ្ឌនៃកិច្ចប្រឹងប្រែង​ដែលសំដៅរក្សានូវខ្សែបន្ទាត់ទំនាក់ទំនងចំហ និង​គ្រប់គ្រងដោយរបៀប​មានទំនួលខុសត្រូវ​សម្រាប់ការប្រជែង​នៅក្នុងទំនាក់ទំនងរវាង​មហា​អំណាច​ទាំងពីរ។

ទំនាក់ទំនងនៅតែទទួលរងការប៉ះទង្គិច​នៅជំវិញបញ្ហាតៃវ៉ាន់ ដែលហៅជាផ្លូវការថា សាធារណរដ្ឋចិន ហើយទីក្រុងប៉េកាំង គឺសាធារណរដ្ឋប្រជាមានិតចិន ដែល​ត្រូវបានចាត់ទុក​ថា​ជាផ្នែកដែលត្រូវបង្រួបបង្រួម​ជាមួយដែនដីជាតិចិនវិញ។

ប្រទេសចិនស្តីបន្ទោសសហរដ្ឋអាម៉េរិក ដែលមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យជាផ្លូវការ​មែន តែគឺជាអ្នកផ្គត់ផ្គង់សព្វាវុធទីមួយ និងជាអ្នកគាំទ្រដ៏សំខាន់​សម្រាប់អាជ្ញាធរ​តៃវ៉ាន់។

នៅពីមុខលោកជែក ស៊ូលីវ៉ាន លោកវ៉ាន់យី បានបញ្ជាក់ថា ៖ “ការប្រឈមដ៏ធំបំផុត​សម្រាប់​ទំនាក់​ទំនងចិនអាម៉េរិក គឺចលនា​លើកទឹកចិត្តឲ្យមានឯករាជ្យភាពតៃវ៉ាន់។” លោកវ៉ាងយី បាន​បញ្ជាក់ថា ៖ “សហរដ្ឋអាម៉េរិកត្រូវតែអនុវត្ត​ជាក់ស្តែងនូវការសន្យារបស់ខ្លួន​មិន​គាំទ្រ​ឯករាជ្យ​ភាពតៃវ៉ាន់ និងគាំទ្រការបង្រួបង្រួមដោយសន្តិភាពរបស់​ចិនជាមួយនឹងកោះ​នេះ។”

 

Daily Program

Livesteam thumbnail