នៅតំបន់ការ៉ាអ៊ីប សហរដ្ឋអាម៉េរិកធ្វើទំនើបកម្មមូលដ្ឋានយោធានៅជិតប្រទេសវ៉េណេហ្ស៊ូអេឡា
នេះគឺជាប្រវត្តិសាស្រ្តដែលមូលដ្ឋានយោធាអាម៉េរិកបោះទីតាំងនៅកោះព័រតូ រីកូ (Porto Rico) ដែលធ្លាប់ត្រូវបានគេដាក់ឈ្មោះថា ផ្លូវរ៉ូសឺវែល (Roosevelt Roads) និងត្រូវបានទាញយកធ្វើអាជីវកម្ម និងប្រើប្រាស់យ៉ាងច្រើននៅអំឡុងសង្រ្គាមត្រជាក់។ ត្រូវបានបិទនៅឆ្នាំ២០០៤ រយៈពេល ២១ឆ្នាំ ក្រោយមក ផ្ទៃដី ៨៧០០ពាន់ហិចតានៃមូលដ្ឋានចម្រុះយោធារបស់ផ្លូវរ៉ូសឺវែល ដែលជាផ្លូវមួយក្នុងចំណោមផ្លូវធំបំផុតនៅលើពិភពលោក ត្រៀមខ្លួនបើកដំណើរឲ្យធ្វើប្រតិបត្តិការជាថ្មី។
សារព័ត៌មានសេដ្ឋកិច្ច ប្លូមបឺហ្គ៍ Bloomberge បានពិពណ៌នាថា ៖ ”ចាប់តាំងពីពីរទសវត្ស មូលដ្ឋាននេះត្រូវលិចទៅក្នុងស្មៅ និងឡើងច្រេសស្នឹម។ ប៉ុន្តែឥឡូវយន្តហោះចម្បាំងបានរោទិ៍សម្លេង។ យោងតាមរូបភាពនានាពីលើអាកាសដែលថតដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ Reuters បានឲ្យដឹងថា ចាប់តាំងពីថ្ងៃ១៧ ខែកញ្ញា បុគ្គលិកនានាបានចាប់ផ្តើមរៀបចំដី និងក្រាលផ្លូវធ្វើចរាចរណ៍ដែលនាំទៅដល់ពីស្ត៍សំខាន់។
យោងតាមអ្នកអង្កេតការណ៍ ការដាក់ដំណើរការមូលដ្ឋាននេះនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ដែលមានចម្ងាយមិនដល់ ៨០០ គម ពីប្រទេសវេណេហ្ស៊ូអេឡា មិនមែនជារឿងធម្មតាទេ។ ចាប់តាំងពីច្រើនសប្តាហ៍ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតុន និងការ៉ាកាស គឺមានភាពតានតឹងយ៉ាងខ្លាំង នៅខណៈដែលលោកដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិកស្ថិតនៅក្នុងជម្លោះយោធាជាមួយអ្នកជួញគ្រឿងញៀន ដែលលោកបានចោទប្រកាន់ប្រទេសវ៉េណេហ្ស៊ូអេឡាគាំពារអ្នកជួញដូរគ្រឿងញៀន។ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការវាយប្រហារចំនួន ១៤ដង លើនាវានៅតាមបណ្តោយឆ្នេរប្រទេសវ៉េណេហ្ស៊ូអេឡា ដែលបានសម្លាប់មនុស្សចំនួន ៦១នាក់ ដែលបង្ហាញថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មនៅអាម៉េរិកខាងត្បូង។
បើយោងតាមសារព័ត៌មានឌឹ ញូយ៉ក ថែមស៍ The New York Times បានឲ្យដឹងថា នៅកោះព័រតូ រីកូ ភាពតានតឹងខាងយោធានៅពេលនេះ បានឡើងដល់កំពូល នៅខណៈដែលទីក្រុងវ៉ាស៊ីនតុន បានពង្រាយទាហានជិត ១ម៉ឺននាក់ នៅក្នុងមូលដ្ឋាននានានៅក្នុងទឹកដីអាម៉េរិកដ៏តូចនេះនៃតំបន់ការ៉ាអ៊ីប។
យោងតាមរូបភាពនានាទទួលបានពីផ្កាយរណប បានបង្ហាញថា យ៉ាងហោចណាស់មាននាវាចម្បាំងពិឃាតបំពាក់មីស៊ីលនាំផ្លូវចំនួន ៣ ក្រុមវាយប្រហារតាមសមុទ្រ និងនាវាប្រយុទ្ធស្ថិតនៅក្នុងទឹករាក់បានបោះទីតាំង នៅតាមបណ្តោយឆ្នេរប្រទេសវ៉េណេហ្ស៊ូអេឡា។ ហើយនាវាផ្ទុកយន្តហោះដ៏ធំបំផុត នៃកងទ័ពម៉ារីនអាម៉េរិក នាវា យូអេសៗ ហ្ស៉ឺរ៉ាល់ដ៍ អ៊ែរ ហ្វ៉ដ USS Gerald R. Ford បានស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់សមុទ្រការ៉ាអ៊ីបផងដែរ។
លោកគ្រីស្តូហ្វើ ហេណាន់ដេ រ៉យ Christopher Hernandez-Roy ដែលជាអ្នកសិក្សាស្រាវជ្រាវសំខាន់នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិស៊ីអេសអាយអេស CSIS នៅទីក្រុងវ៉ាស៊ីនតុន បានថ្លែងថា អ្វីៗ គ្រប់យ៉ាងនេះ លោកគិតថា គឺដើម្បីបន្លាចរបបលោកម៉ាឌូរ៉ូ និងឧត្តមសេនីយ៍ដែលព័ទ្ធជុំវិញរូបលោកនៅក្នុងសេចក្តីសង្ឃឹមនឹងធ្វើឲ្យពួកគេទាំងនោះបែកបាក់គ្នា។
នៅខណៈដែលមួយផ្នែកដ៏ធំ គឺការបង្កើនវត្តមានអំណាចយោធាអាម៉េរិកដែលរហូតមកដល់ពេលនេះគឺមានវត្តមានតែនៅសមុទ្រអន្តរជាតិ ឆ្ងាយពីការមើលឃើញរបស់សាធារណៈជននោះ អ្វីដែលកើតឡើងនៅផ្លូវ រ៉ូសឺវែល និងធ្វើឲ្យសាធារណៈជនកាន់តែមើលឃើញច្បាស់នូវអំណាចយោធារបស់អាម៉េរិក។
នេះគឺជាអ្វីដែលធ្វើឲ្យព្រួយបារម្ភដល់រដ្ឋនានានៅសហគមន៍ការ៉ាអ៊ីប ដែលមានសមាជិកចំនួន ១៤ ដែលថ្មីៗ នេះ ធ្លាប់រំឭកថា តំបន់នេះគឺជាតំបន់សន្តិភាព ដែលបញ្ហាសន្តិសុខគួរតែត្រូវដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ត និងតាមតំបន់ច្បាប់អន្តរជាតិ។