នៅដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ លោកដូណាល់ ត្រាំ កំពុងត្រូវបាននាយករដ្ឋមន្រ្តី ជប៉ុនថ្មី តាកៃជី បញ្ចុះបញ្ជូល
ការសន្យាអំពីយុគសម័យមាសថ្មី កិច្ចព្រមព្រៀងអំពីរ៉ែកម្រ និងការផ្លាស់ប្តូរយោបល់ដ៏កក់ក្តៅ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រីសាណាអេ តាកៃជី បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែតុលា សម្រាប់ជំនួបជាមួយលោកដូណាល់ ត្រាំ ដែលក្នុងនោះ លោកស្រីបានអះអាងថា ទីក្រុងវ៉ាស៊ីនតុនគឺជាសម្ព័ន្ធមិត្តដ៏រឹងម៉ាំបំផុតរបស់ទីក្រុងតូក្យូ។
ជប៉ុនគឺជាប្រទេសទី២ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកមកកាន់អាស៊ី បន្ទាប់ពីប្រទេសម៉ាឡេស៊ី និងមុនចេញដំណើរទៅកូរ៉េខាងត្បូង។
នេះគឺជាការធ្វើតេស្ត៍សាកល្បងដ៏មានសារសំខាន់សម្រាប់លោកស្រីសាណាអេ តាកៃជី ស្ត្រីដំបូងឡើងដឹកនាំជប៉ុន។ ក្នុងមុខតំណែងទើបតែបាន ១សប្តាហ៍ លោកស្រីមានសន្លឹកបៀឈ្នះក្នុងល្បែងយុទ្ធសាស្រ្តរបស់លោកស្រី គឺភាពជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស្ហ៊ីនហ្ស៉ូ អាបេ អ្នកណែនាំលោកស្រី ដែលត្រូវបានគេលបធ្វើឃាតនៅឆ្នាំ២០២២... ហើយលោកដូណាល់ ត្រាំ ក៏ជាមនុស្សស្និទ្ធស្នាលគ្នានឹងលោកផងដែរ។
មេដឹកនាំជប៉ុនបានថ្លែងអំណរគុណដល់លោកដូណាល់ ត្រាំ សម្រាប់មិត្តភាពស្ថិតស្ថេរជាមួយលោកស្ហ៊ីនហ្ស៉ូ អាបេ។ លោកស្រីសាណាអេ តាកៃជី បានប្រាប់ទៅលោកដូណាល់ ត្រាំថា លោកស្រីមានអារម្មណ៍រំភើប និងយកគំរូតាមរូបលោក។ លោកស្រីសាណាអេ តាកៃជី ក៏បានបង្ហាញអំពីបំណងចង់បើកយុគសម័យមាសថ្មីនៃទំនាក់ទំនងជប៉ុនអាម៉េរិក នៅខណៈដែលទីក្រុងតូក្យូប្រឈមមុខនឹងការកើនឡើងនូវអំណាចយោធាចិនដែលជាអ្នកជិតខាង និងនៅពេលដែលជប៉ុនទទួលរងការតម្លើងពន្ធគយខ្ពស់ពីទីក្រុងវ៉ាស៊ីនតុនផងដែរ។
នៅពេលចាប់ផ្តើមកិច្ចសន្ទនា លោកដូណាល់ ត្រាំ បានអះអាងថា លោកមានឆន្ទៈរឹងម៉ាំនឹងអះអាងថា នេះគឺជាទំនាក់ទំនងដែលមានឯកសិទ្ធ។ សូមដឹងថា ប្រសិនបើជប៉ុនត្រូវការអ្វីក៏ដោយ ហើយលោកអាចជួយបាន គឺលោកនឹងនៅជួយជានិច្ច។ ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តស្ថិតនៅកម្រិតខ្ពស់បំផុត។
យោងតាមសេចក្តីប្រកាសនៃមេដឹកនាំទាំងពីរ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតុននឹងបោះ ជំហានថ្មីឆ្ពោះទៅកាន់យុគមាសនៃភាពជាសម្ព័ន្ធមិត្តដែលកាន់តែរីកធំឡើងថែមទៀត។
បើយោងតាមសេតវិមាន លោកស្រីសាណាអេ តាកៃជី ក៏បានបង្ហាញនូវក្តីប្រាថ្នារបស់លោកស្រីឲ្យមានការផ្តល់ឲ្យមេដឹកនាំអាម៉េរិកសម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព ដែលនេះបានក្លាយជាជំនក់ចិត្តយ៉ាងខ្លាំងសម្រាប់លោកដូណាល់ ត្រាំ។
សញ្ញានៃការខិតជិត ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃអង្គារនូវកិច្ចព្រមព្រៀងកំណត់ក្របខណ្ឌដើម្បីធ្វើឲ្យមានសុវត្ថិភាពដល់ការផ្គត់ផ្គង់រ៉ែកម្រ និងលោហៈធាតុកម្រនានា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រហិរញ្ញវត្ថុ។
នេះធ្វើក្រោយបន្តិចពីទីក្រុងប៉េកាំងបានកំហិតយ៉ាងខ្លាំងក្លាលើការនាំចេញរ៉ែលោហៈធាតុដ៏មានសារសំខាន់សម្រាប់ឧស្សាហកម្មដែលមានបច្ចេកវិជ្ចាខ្ពស់ ហើយប្រទេសចិនសឹងតែគ្រប់គ្រងផ្តាច់មុខ។
សម្រាប់រឿងរ៉ាវទាក់ទងនឹងវិស័យការពារជាតិ លោកដូណាល់ ត្រាំ ដែលជាមេគំនិតមានទៅមានមក ទាមទារឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកតម្លើងការចំណាយយោធាដើម្បីបន្តទទួលបានគុណប្រយោជន៍ពីការការពាររបស់អាម៉េរិក និងជាពិសេសជប៉ុន ដែលមានទាហានអាម៉េរិក ប្រមាណ ៦០០០០នាក់បោះទីតាំងនៅ។
ដោយព្រួយបារម្ភអំពីការប៉ះទង្គិចជាមួយទីក្រុងវ៉ាស៊ីនតុន លោកស្រីសាណាអេ តាកៃជី បានប្រកាសតាំងពីចុងសប្តាហ៍ ជប៉ុននឹងតម្លើងឲ្យដល់ ២% នៃ GDP សម្រាប់ថវិការយោធា។