នៅកាហ្សាស្ថាន លោកវ្លាឌីមៀ ពូទីន និងលោកស៊ី ជីងពីង និយាយការពារ ពិភពលោកមួយដែលមានពហុប៉ូល និងយុត្តិធម៌
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីងពីង កាលពីថ្ងៃពុធ នៅប្រទេសកាហ្សាស្ថាន ដែលជាសេដ្ឋកិច្ចទី១ នៅអាស៊ីកណ្តាល បានចូលរួមកិច្ចប្រជុំ កំពូល តំបន់មួយ ដែលប្រមូលផ្តុំដោយប្រទេសជាច្រើននៅមុខភាពតានតឹងជាមួយលោកខាងលិច ដែលចិន និងរុស្ស៊ីមានទំនោរប្រឆាំងនឹងឥទ្ធិពលលោកខាងលិច។ ជំនួបនេះ ចូលអន្តរាគមន៍មួយខែកន្លះ បន្ទាប់ពីជំនួបកំពូលនៅប្រទេសចិន កាលពីពាក់កណ្តាលខែឧសភា ដែលមេដឹកនាំ រុស្ស៊ីបានទៅស្វែងរកការគាំទ្រឲ្យបានកើនឡើងសម្រាប់សង្រ្គាមរបស់លោកនៅអ៊ុយក្រែន។
ចូលរួមវិភាគទានចំពោះការមកដល់នៃពិភពលោកពហុប៉ូល ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង កាលពីថ្ងៃទី៣ ខែកក្កដា នៅប្រទេស កាហ្សាស្ថាន បានសម្តែងនូវការពេញចិត្តលើសភាពទំនាក់ទំនងរវាងទីក្រុង ប៉េកាំង និងទីក្រុងមូស្គូ ដែលគេឮថាដើម្បី ប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិចនៅ ក្នុងកិច្ចការអន្តរជាតិ។
ជំនួបរបស់ពួកលោកនៅទីក្រុងអាស្តាណា រដ្ឋធានីនៃសេដ្ឋកិច្ចទី១នៅអាស៊ីកណ្តាល ប្រព្រឹត្តិឡើងមុនមួយថ្ងៃនៃកិច្ចប្រជុំតំបន់ដែលប្រមូលផ្តុំប្រទេសជាច្រើននៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (OCS) នៅចំពោះមុខទំនាក់ទំនងដែលតានតឹងជាមួយនឹងលោកខាងលិច។
OCS ដែលប្រមូលផ្តុំភាគច្រើននៃប្រទេសដែលដឹកនាំដោយអំណាចផ្តាច់ការ ត្រូវបានលោកវ្លាឌីមៀ ពូទីន វាយតម្លៃថា វា ជាសរសរស្តម្ភមួយគន្លឹះនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដែលមានយុត្តិធម៌។ អ៊ីរ៉ងក្រោមទណ្ឌកម្មរបស់លោកខាងលិច កាលពីឆ្នាំមុន បានចូល OCS ។ ចំណែកបេឡារុស ដែលត្រូវផាត់ចេញពីសហគមន៍លោកខាងលិច សម្រាប់ការគាំទ្ររបស់ប្រទេសនេះចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានក្លាយជាសមាជិក OCS នៅថ្ងៃទី៥ ខែកក្កដា។
នៅថ្ងៃពុធដែរ ប្រធានាធិបតីទួរគី លោករ៉ឺសេព តៃយ៊ីប អៀដូហ្គង់ ក៏បានមានវត្តមាននៅរដ្ឋធានី អាស្តាណា និងបានអញ្ជើញលោកពូទីនទៅកាន់ទួរគី នៅអំឡុងពេលកិច្ចសន្ទនាទ្វេភាគីមួយនៅខណៈដែលទីក្រុងអង់ការ៉ា តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានស្នើឲ្យបើកការិយាល័យសម្របសម្រួលរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ។
OCS ដែលសព្វថ្ងៃនេះ មាន ៩ប្រទេស រួមមាន ចិន ឥណ្ឌា អ៊ីរ៉ង រុស្ស៊ី កាហ្សាស្ថាន គៀហ្គីស្ថាន អ៊ូបេគីស្ថាន ប៉ាគីស្ថាន និងតាដជីគីស្ថាន ត្រូវបានចាត់ទុកជាគ្រោងការនៃកិច្ចសហប្រតិបត្តិការដែលប្រជែងនឹងអង្គការរបស់លោកខាងលិច និងត្រូវបានពិនិត្យឃើញថា ជាការចូលរួមសម្រាប់ការមកដល់នៃពិភពលោកពហុប៉ូល ដែលជាពាក្យដែលបង្កើតឡើងដោយមេដឹកនាំរុស្ស៊ី និងចិន។
កាលពីថ្ងៃពុធ ប្រធានាធិបតីបេឡារុស លោកអាឡិចហ្សង់ លូកាចិនកូ បានថ្លែងថា ការសំខាន់គឺបង្ហាញទៅកាន់ពិភពលោកថា វាមានគ្រោងការអន្តរជាតិជម្រើសផ្សេង មជ្ឈមណ្ឌលអំណាចដទៃទៀត ដែលប្រយោជន៍របស់រដ្ឋទាំងអស់គ្មានការលើកលែង ត្រូវបានគោរព។
OCS អះអាងដោយមោទភាពថា បានប្រមូលផ្តុំ ៤០% នៃប្រជាជនពិភពលោក និងប្រមាណ ៣០% នៃ GDP ពិភពលោក ប៉ុន្តែក្រៅពីនិមិត្តរូបដ៏ខ្លាំងនេះ ក៏មានការខ្វែងគំនិតគ្នាជាច្រើនដែលកើតមានឡើងរវាងសមាជិករបស់ខ្លួនផងដែរ។
មែនទែនទៅ លោកវ្លាឌីមៀ ពូទីន និងលោកស៊ី ជីនពីង ប្រាថ្នាធ្វើរណសិរ្យរួមប្រឆាំងលោកខាងលិចក៏ដោយ ក៏ពួកគេនៅតែប្រជែងគ្នាលើផែនការសេដ្ឋកិច្ច ជាពិសេសនៅអាស៊ីកណ្តាល តំបន់ដែលសម្បូរដោយឥន្ធនៈកាបូន និងសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរវាងអឺរ៉ុប និងអាស៊ី នៅខណៈដែលទីក្រុងប៉េកាំងបន្តរក្សាទំនាក់ទំនងតានតឹងជាមួយឥណ្ឌា និងប៉ាគីស្ថាន ដែលប្រទេសទាំងពីរក៏ជាសមាជិកនៃ OCS ដែរ។