នុយក្លេអ៊ែរអ៊ីរ៉ង់ ក្តីសុបិនរបស់ត្រាំដណ្តើមយកជាតិអ៊ុយរ៉ានីញ៉ូមអាចនឹងប្រែក្លាយ​ទៅ​ជាស្ថានភាពដ៏អាក្រក់យ៉ាងឆាប់រហ័ស

យោងតាមអ្នកជំនាញដែលត្រូវបានសាកសួរដោយសារព័ត៌មានហ្វ្រ៉ង់ ២៤ France 24 បានឲ្យ ដឹងថា លោកដូណាល់ ត្រាំ ហាក់ដូចជាតាំងចិត្តសម្រាប់បេសកកម្មយោធា​ដើម្បី​ដណ្តើម យក សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដែលបានបង្កើនកម្រិតរហូតដល់ ៦០%។ នៅលើក្រដាស បេសកកម្មរបៀបនេះអាចមានការទាក់ទាញខាងនយោបាយនៅក្នុង​ក្របខណ្ឌនៃសង្រ្គាម ប្រឆាំង​នឹងអ៊ីរ៉ង់ ប៉ុន្តែនៅលើភាពជាក់ស្តែង វានឹងជាបេសកកម្មមួយ​ក្នុងចំណោមបេសកកម្ម យោធាជាច្រើនរបស់អាម៉េរិកដែលមានការប្រថុយប្រថាន និងលំបាក​បំផុតចាប់តាំងពីសង្រ្គាម លោកលើកទី២ មក។

កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា សារព័ត៌មានប្រចាំថ្ងៃឌឹ វ៉ល់ ស្រ្ទ៊ីតជួណល់ The Wall Street Journal  បានបញ្ជាក់ថា ម្ចាស់សេតវិមានអាម៉េរិក បានសន្យាកាន់តែម៉ឺងម៉ាត់ឡើងៗនឹង​រៀបចំ​នូវប្រតិបត្តិការយោធាដើម្បីទៅស្វែងរកស្តុកអ៊ុយរ៉ានីញ៉ូម​ដែលត្រូវបានបង្កើនកម្រិតខ្លាំង ដែល​អ៊ីរ៉ង់នៅកាន់កាប់នៅឡើយ។

យោងតាមទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិក បានឲ្យដឹងថា គោលដៅថ្មីរបស់ត្រាំនេះ ពាក់ព័ន្ធជាមួយនឹងសារជាតិអ៊ុយរ៉ានីញ៉ូម​ដែលត្រូវបានបង្កើនកម្រិតរហូតដល់ ៦០% ប្រមាណ ៤៤០គក ដែលជាស្តុកខិតជិត​នឹងអាចប្រើប្រាស់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ លោក ស្រី លូដូវីកា កាស្ទឺលី គឺជាអ្នកឯកទេសលើបញ្ហានុយក្លេអ៊ែរនៅតំបន់មជ្ឈិមបូព៌ា​នៅវិទ្យាស្ថាន អាល់ហ្វារីអន្តរជាតិ ដែលជាមជ្ឈមណ្ឌលនៃការសិក្សាស្រាវជ្រាវ និងរិះគិត​របស់អ៊ីតាលី។ លោក​ស្រី លូដូវីកា កាស្ទឺលី បញ្ជាក់ថា ជាមួយនឹងបរិមាណនេះ ហើយប្រសិន​បើអ៊ីរ៉ង់ ជោគជ័យ​ក្នុងការបង្កើនកម្រិតអ៊ុយរ៉ានីញ៉ូមរហូតដល់ ៩០% អាជ្ញាធរអ៊ីរ៉ង់នឹងមានសមត្ថភាព បើ​តាមទ្រឹស្តី អាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១០គ្រាប់។

អ្នកឯកទេសរូបនេះ បន្តថា វត្តមាននៃស្តុកទាំងនេះ​ត្រូវបានចង់ក្រងជាឯកសារដោយ ទីភ្នាក់ងារឋាមពលអាតូមិកអន្តរជាតិ មុនការវាយប្រហាររបស់អាម៉េរិកនៅខែមិថុនា ឆ្នាំ២០២៥ ប្រឆាំង​នឹងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយចាប់តាំងពីពេលនោះ គេក៏មិនដឹងច្រើន ដែរ​​​ថា អ្វីអាចកើតមាន។

ទោះបីជា​លោកដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា សមត្ថភាពបង្កើនកម្រិតអ៊ុយរ៉ានីញ៉ូម​របស់ អ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែ​ការបំផ្លាញពួកវាទាំងស្រុងហាក់បីដូចជាមិនអាចទេ។ ការ ស៊ើបអង្កេតមួយរបស់សារព័ត៌មាន ឡឺ ម៉ុង Le Monde ដែលផ្សព្វផ្សាយ​នៅថ្ងៃទី២៨ ខែមីនា បានឲ្យដឹងថា រូបភាពនៃផ្កាយរណបបង្ហាញថា យ៉ាងហោចណាស់ មួយផ្នែកនៃស្តុក អ៊ុយរ៉ានីញ៉ូម ដែលត្រូវបានបង្កើនកម្រិតទាំងនេះ ត្រូវបានផ្ទេរទៅដាក់នៅក្នុងជម្រក​ទាន់ពេល​វេលា​​នៅឆ្នាំ២០២៥ នៅក្នុងរូងក្រោមដី​ដែលនៅជិត​មជ្ឈមណ្ឌល អ៊ីស្ពាហ្វាន ដែលត្រូវ​បាន​ប៉ះពាល់​​ដោយការ​ទម្លាក់គ្រាប់បែករបស់អាម៉េរិក។

លោកស្ហ៉ាហ៊ីន ម៉ូដារ៉េស ដែលជាអ្នកឯកទេសអំពីអ៊ីរ៉ង់ នៅក្រុមអន្តរជាតិសម្រាប់ការសិក្សា​សន្តិសុខ (ITSS) វ៉េរ៉ូណា អ៊ីតាលី សន្និដ្ឋានថា នៅក្នុងកែវភ្នែក​សហរដ្ឋ​អាម៉េរិក និង​អ៊ីស្រាអែល វានៅសល់ស្តុកគ្រប់គ្រាន់​​ដែលជាតំណាងឲ្យការគំរាមកំហែង​សម្រាប់​អ៊ីស្រាអែល និងសន្តិសុខអន្តរជាតិ។”

លោកគ្រីស្ទាន អេមឺរី ដែលជាអ្នកឯកទេសនៃទំនាក់ទំនងអន្តរជាតិ និងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង នៅសកលវិទ្យាល័យក្រុងឡុងដ្រ៍ បានអះអាងថា លោកដូណាល់ ត្រាំ អាចនឹងលោតចង់ចាប់​យក​ឱកាសមួយ ដើម្បីរកគោលបំណងដែលអាចកំណត់ឲ្យបានច្បាស់សម្រាប់សង្គ្រាមនេះ ខណៈ​ដែលយុទ្ធសាស្ត្រដំបូងរបស់គាត់បានបរាជ័យ ព្រោះគាត់មិនបានគិតស្រមៃឡើយថា អ៊ីរ៉ង់​នឹងមិនព្រមចុះចាញ់ និងមិនព្រមចុះហត្ថលេខានាទីចុងក្រោយលើកិច្ចព្រមព្រៀង​សន្តិភាព។

 

Daily Program

Livesteam thumbnail