និស្សិតទេវវិទ្យាល័យបង់ក្លាដេស៩រូបស្ម័គ្រចិត្តប្រែក្លាយខ្លួនជាអ្នកបម្រើអាសនៈ
និស្សិតទេវវិទ្យាល័យបង់ក្លាដេសចំនួន៩រូបបានស្ម័គ្រចិត្តនិងបានតែងតាំងជាអ្នកបម្រើអាសនៈ ដោយពិធីតែងតាំងនេះត្រូវបានរៀបចំយ៉ាងឧឡារឹកកាលពីថ្ងៃទី២២ ខែឧសភា សាលាទេវវិទ្យាល័យ Holy Spirit Major ក្នុងសង្កាត់ បាណានី ( Banani ) ទីក្រុង ដាកា រដ្ឋធានីនៃប្រទេសបង់ក្លាដែស។
ពិធីតែងតាំងអ្នកបម្រើអសនៈត្រូវបានគ្រិស្តបរិស័ទនៅក្នុងប្រទេសបង់ក្លាដេសចាត់ទុកថា ជាពេលវេលាដ៏សំខាន់មួយសម្រាប់ជំហានក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍កាតូលិក នៅប្រទេសបង់ក្លាដែស ដោយបានប្រមូលផ្តុំបព្វជិត និង គ្រិស្តបរិស័ទជាច្រើននាក់ ដើម្បីអបអរសាទអ្នកបន្តរវេនសម្រាប់បម្រើព្រះសហគមន៍នៅក្នុងប្រទេសនេះ ។
អ្នកបម្រើអសនៈដែលបានតែងតាំងថ្មីទាំង៩រូបនេះ គឺមកពីព្រះសហគមន៍នានានៅក្នុងប្រទេសបង់ក្លាដេស ។
លោកបូជាចារ្យ ស៊ូប្រូតូ ហាវឡាឌ័ (Subroto Howlader) ដែលជាបព្វជិតមួយរូបបានឲ្យដឹងថា ពិធីនេះជាការបង្ហាញផ្លូវនិងជាការតម្រែតម្រង់តម្រាយសម្រាប់គង្វាលព្រះសហគមន៍កាតូលិក ក៏ដូចជាការកែប្រែចិត្តគំនិតធ្វើយ៉ាងណាត្រូវរាបទាប លះបង់ និង ផ្តោតតែលើការគង្វាលនិងបម្រើគ្រិស្តបរិស័ទនិងពង្រឹងជំនឿរបស់គ្រិស្តបរិស័ទទាំងអស់ ។
លោកបានមានប្រសាសន៍ថា ពិធីនេះជាពិធីកំណត់ អត្តសញ្ញាណថ្មី និងការទទួលខុសត្រូវថ្មី ហើយអត្តសញ្ញាណនេះមិនមែនគ្រាន់តែជាកិត្តិយសនោះទេ ប៉ុន្តែជាការអំពាវនាវឱ្យលះបង់ខ្លួនឯង។
លោកបានបញ្ជាក់ពីវិមាត្រសំខាន់ៗបីនៃតួនាទីរបស់ពួកគេ គឺ ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការបម្រើមនុស្សដែលខ្វះខាត និងជួយការងារលោកអភិបាលនិងបូជាចារ្យក្នុងជីវិតនៃការត្រាសហៅ ។
លោកបូជាចារ្យបានលើកទឹកចិត្តក្រុមអ្នកបម្រើអសនៈទាំងអស់ ឱ្យរស់នៅដោយស្មោះត្រង់ចំពោះនឹងព្រះជាម្ចាស់និងព្រះសហគមន៍ ។