និស្សិតកម្ពុជាដែលរៀនមុខជំនាញ STEM សម្រេចបានអត្រាមានការងារធ្វើរហូតដល់ជាង ៩៣%
ក្រោមការគាំទ្រពីធនាគារពិភពលោក (World Bank) កម្ពុជាកំពុងសម្រេចបាននូវរបត់ថ្មីដ៏ជោគជ័យមួយក្នុងវិស័យអប់រំ ដោយនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគោលដៅ សម្រេចបានអត្រាមានការងារធ្វើខ្ពស់រហូតដល់ជាង ៩៣% ដែលតួលេខនេះខ្ពស់ជាងគ្រឹះស្ថានអប់រំទូទៅរហូតដល់ ២១%។ កំណែទម្រង់នេះបានផ្សារភ្ជាប់ការរៀនសូត្រទៅនឹងតម្រូវការទីផ្សារការងារពិតប្រាកដ ជាពិសេសលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលនាំឱ្យនិស្សិតមួយចំនួនទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងកម្រិតដំបូងរហូតដល់ ៣ ដង។
ទន្ទឹមនឹងជោគជ័យនៅកម្រិតឧត្តមសិក្សា សិស្សានុសិស្សជាង ៦០០,០០០ នាក់នៅកម្រិតចំណេះទូទៅ ក៏បានទទួលអត្ថប្រយោជន៍ពីការកែលម្អគុណភាពបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមស្តង់ដារជាតិផងដែរ។ ក្នុងស្មារតីអប់រំបរិយាបន្ន កម្ពុជាបានចុះពិនិត្យសុខភាពសិស្សរហូតដល់ ១ លាននាក់ និងផ្ដល់ឧបករណ៍ជំនួយដល់កុមារមានពិការភាពចំនួន ៩,០០០ នាក់ ដើម្បីធានាបាននូវសមធម៌ និងកាលានុវត្តភាពស្មើៗគ្នាក្នុងការទទួលបានចំណេះដឹង។
ចក្ខុវិស័យឆ្ពោះទៅកាន់ឆ្នាំ២០៣១ កម្ពុជាមានគោលដៅបណ្ដុះបណ្ដាលធនធានមនុស្សជំនាញឱ្យបាន ១៧៤,០០០ នាក់បន្ថែមទៀត ដើម្បីជម្រុញសក្ដានុពលសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ។ ការដាក់បញ្ចូលស្តង់ដារសាលារៀនគំរូទៅក្នុងគោលនយោបាយជាតិ កំពុងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តរភាពសម្រាប់តំបន់អាស៊ានទាំងមូល៕