នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿង បញ្ចប់ចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម

នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវា JS ETAZIMA (MSO-306) ដឹកនាំដោយលោក វរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម។ 

យោងតាមប្រភពស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប បានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។

ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រួមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ 

នាវាទាំងពីរគ្រឿងនេះនឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សូមរំលឹកថា នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Daily Program

Livesteam thumbnail