នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទទួលមរណភាព ក្នុងវ័យ៦៥ ឆ្នាំ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម បានទទួលមរណភាព ដោយរោគាពាធ ក្នុងវ័យ៦៥ ឆ្នាំ កាលពី​វេលាម៉ោង៦:០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលសម្រាកព្យាបានៅមន្ទីរពេទ្យសាន់រ៉ាយ។​

លោក សែម សុវណ្ណនី បានដើរតួរយ៉ាងសំខាន់ លើការបញ្ជូនកងទ័ពមួយខៀវកម្ពុជា ទៅក្នុងបេសកម្មរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សពលោក សែម សុវណ្ណនី ត្រូវតម្គល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក នៅសង្កាត់ទួលស្វាយព្រៃ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងភរិយា បានផ្ញើសាររំលែកទុក្ខ​ចំពោះការបា​ត់បង់​នាយទាហានដ៏អង់អាច ក្លាហាន និងជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជារៀងរហូតមក ដោយសម្តេចបាន​បង្ហាញសេចក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក និងសោកស្តាយឥតឧបមា។​

សម្តេចបានបញ្ជាក់ថា ៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ នាយទាហាន និងកងកម្លាំងទាំងអស់ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ហើយសូមសម្តែងនូវសេចក្តីសង្វេគបកប ដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត»៕

 

 

 

 

 

Daily Program

Livesteam thumbnail