នាយករដ្ឋមន្រ្តី សម្រេចដកតំណែងលោកលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ អភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបញ្ចប់មុខតំណែងមន្រ្តីរាជការ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
អនុក្រឹត្យនេះបានបញ្ជាក់ថា ៖ «បញ្ចប់មុខតំណែងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃ គណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា»។
សូមរម្លឹកដែរថា ការបញ្ចប់មុខតំណែងលោក កន សុខកាយនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារដ៏វែងមួយទាក់ទងនឹងលោក កន សុខកាយ ដែលបានផ្តល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារទៅលោក លី សាម៉េត ហៅគ្រូមាដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
សម្តេចតេជោបានបញ្ជាក់ថា ៖ «ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ»៕