នាយករដ្ឋមន្រ្តី​ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​សិក្សាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រគល់ភារកិច្ចឱ្យលោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

សម្តេចបវរធិបតីបានសម្រេចដូចនេះ បន្ទាប់ពី​លោកទទួលបាននូវការ​បញ្ចេញយោបល់ពីប្រជាពលរដ្ឋខ្មែរជាច្រើន តាមរយៈការផ្តល់យោបល់ (Comments) យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្តេច​ បន្ទាប់ពីសម្តេច​បានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ ​

សម្តេចលើកឡើងថា ៖ «ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ»។ ​

សម្តេចបវរធិបតី​បានបញ្ជាក់ទៀតថា ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្តេច​បានប្រគល់ភារកិច្ចបន្ថែមជូនលោក កើត រិទ្ធ ​សិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ​។​

សម្តេចបវរធិបតីសង្កត់ធ្ងន់ថា ៖ «យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»៕

 

Daily Program

Livesteam thumbnail