នាយករដ្ឋមន្រ្តីប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នឹងបើកជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចធិបតីបានបញ្ជាក់ដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតីបញ្ជាក់ថា ៖ «ខ្ញុំសូមប្រកាសថា ព្រែកជីកហ្វូណន តេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤»។
គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕