នាយករដ្ឋមន្ត្រី ថា ព្រែកជីកហ្វូណនតេជោ នឹងជួយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេស និងការតភ្ជាប់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងប្រទេស នឹងកាន់តែមានសកម្មភាពខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវបានបញ្ចប់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃកៅស៊ូមួយកន្លែង នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធ សម្តេចធិបតី បានសម្តែងការរំពឹងទុកថា ប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសរបស់កម្ពុជា នឹងកាន់តែមានភាពរស់រវើក បន្ទាប់ពីការបញ្ចប់គម្រោងនេះ។

សម្តេចបានកត់សម្គាល់ថា ការអភិវឌ្ឍព្រែកជីកនេះ នឹងគាំទ្រដល់ការស្តារ និងពង្រឹងផ្លូវទឹក ដែលធ្វើឱ្យការដឹកជញ្ជូនក្នុងប្រទេសកាន់តែមានសកម្មភាព និងប្រសិទ្ធភាពជាងមុន។

«ការដឹកជញ្ជូនក្នុងប្រទេសនឹងកាត់បន្ថយការកកស្ទះ មានសុវត្ថិភាពជាងមុន និងមានតម្លៃសមរម្យជាងមុន ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែធំធេងដល់សេដ្ឋកិច្ច»។ ប្រសាសន៍សម្តេច។

គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ គម្រោងនេះមានគោលបំណងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅកាន់ផ្លូវសមុទ្រ ដែលមានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ និងត្រូវបានបែងចែកជាពីរផ្នែក។

 

Daily Program

Livesteam thumbnail