នាយករដ្ឋមន្ត្រីជំរុញឱ្យតាមបណ្តាខេត្តទាក់ទាញទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបណ្តាខេត្តនានានៅទូទាំងប្រទេស បន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងកែលម្អរមណីយដ្ឋានក្នុងស្រុក ដើម្បីទាក់ទាញទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុក។

ក្នុងពិធីអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ សម្តេចបានមានប្រសាសន៍ថា «កុំគិតតែពីអ្វីដែលយើងត្រូវធ្វើដើម្បីទាក់ទាញទេសចរអន្តរជាតិ យើងក៏ត្រូវគិតអំពីទេសចរក្នុងស្រុកនៅក្នុងតំបន់ផងដែរ។ យើងគួរតែគិតអំពីការទាក់ទាញមនុស្សទាំងអស់គ្នា»។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ឱ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និងកែលម្អទីសាធារណៈព្រមទាំងតំបន់ទេសចរណ៍ ខណៈដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏នឹងត្រូវបានលើកទឹកចិត្តឱ្យពង្រឹងសក្តានុពលទេសចរណ៍ក្នុងមូលដ្ឋានរបស់ពួកគេនៅពេលខាងមុខផងដែរ។

សម្តេចបានសង្កត់ធ្ងន់ថា ទស្សនីយភាពស្រស់ស្អាត និងទីសាធារណៈដែលបានអភិវឌ្ឍល្អ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវតែបន្តទៅមុខ ខណៈដែលការរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈគឺមានសារៈសំខាន់ដូចគ្នា ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សម្តេចបានគូសបញ្ជាក់បន្ថែមថា «ការអភិវឌ្ឍត្រូវតែបន្ត ហើយអ្វីដែលសម្រេចបានក្នុងខេត្តស្ទឹងត្រែងនាពេលនេះ គឺជាសាក្សីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍទូទៅ មិនថានៅតំបន់ភាគខាងកើត ឬតំបន់ផ្សេងទៀតនោះទេ»។

ជាមួយគ្នានេះដែរ សម្តេចធិបតីបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ឱ្យជៀសឆ្ងាយពីសកម្មភាពខុសច្បាប់ និងសកម្មភាពសេដ្ឋកិច្ចប្រដេញ (Grey economy) ព្រមទាំងធានានូវបរិស្ថានមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

 

Daily Program

Livesteam thumbnail
khmer popup image