នាយករដ្ឋមន្ត្រីកោតសរសើរចំពោះការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានយ៉ាងជោគជ័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ ២០២៦ យ៉ាងជោគជ័យ។

ក្នុងពិធីអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា កាលពីថ្ងៃពុធ សម្តេចបានមានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ»។

ការប្រឡងសំណេរសម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាយ៉ាងសាមញ្ញថា បាក់ឌុប ឆ្នាំ ២០២៦ របស់ប្រទេសកម្ពុជា បានបញ្ចប់កាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើការប្រឡងរយៈពេលពីរថ្ងៃ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា ដំណើរការប្រឡងនេះមានបេក្ខជនសរុបចំនួន ១៥១.២៣៨ នាក់ (ស្រី ៨៤.៧៣៥ នាក់)។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧.៤៤៥ នាក់ (ស្រី ២២.១៩៣ នាក់) ខណៈដែលថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១៣.៧៩៣ នាក់ (ស្រី ៦២.៥៤២ នាក់)។

ការប្រឡងត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡងចំនួន ២៤៤ មណ្ឌល ត្រូវជា ៦.១០៤ បន្ទប់នៅទូទាំងប្រទេស។ ថ្នាក់វិទ្យាសាស្ត្រត្រូវបានរៀបចំនៅ ៦៨ មណ្ឌល ត្រូវជា ១.៥២៦ បន្ទប់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមត្រូវបានរៀបចំនៅ ១៧៦ មណ្ឌល ត្រូវជា ៤.៥៧៨ បន្ទប់។

ក្រសួងអប់រំបានឱ្យដឹងថា អនុរក្ស និងសមាជិកគណៈកម្មការប្រឡងផ្សេងទៀតសរុបចំនួន ៣៣.៧៤៧ នាក់ បានចូលរួមក្នុងដំណើរការប្រឡងនៅទូទាំងប្រទេស។

ក្រសួងបានឱ្យដឹងទៀតថា ដំណើរការប្រឡងបានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានរបៀបរៀបរយ ដោយមន្ត្រីប្រឡង និងគណៈកម្មការពាក់ព័ន្ធបានបំពេញភារកិច្ច និងទទួលខុសត្រូវដោយយកចិត្តទុកដាក់ខ្ពស់។

ដំណើរការប្រឡងនេះក៏ត្រូវបានសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ក្រសួងបានរាយការណ៍ថា បេក្ខជនអវត្តមានមានចំនួន ១.៣៥២ នាក់ (ស្រី ៥០២ នាក់) ត្រូវជា ០,៨៩ ភាគរយនៃបេក្ខជនចុះឈ្មោះសរុប។ ក្នុងចំណោមនោះ បេក្ខជនស្វ័យរិនមានចំនួន ១.១៤៧ នាក់ (ស្រី ៤០៧ នាក់) និងបេក្ខជនចំណេះទូទៅមានចំនួន ២០៥ នាក់ (ស្រី ៩៥ នាក់)។

បេក្ខជនសរុបចំនួន ២៦៧ នាក់មានបញ្ហាសុខភាព។ ក្នុងនោះ ១៨ នាក់បានបោះបង់ការប្រឡង, ៦៥ នាក់បន្តការប្រឡងនៅបន្ទប់ដាច់ដោយឡែក, ៦៦ នាក់កើតជំងឺគ្រុនឈាម និង ១០ នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ថែមពីនេះ មន្ត្រីប្រឡងចំនួន ២៥ នាក់ក៏មានបញ្ហាសុខភាពផងដែរ។

ក្រសួងក៏បានរាយការណ៍ដែរថា មាន ១២ ករណីពាក់ព័ន្ធនឹងការដកហូតឧបករណ៍អេឡិចត្រូនិកដែលត្រូវបានហាមឃាត់។ ប្រាំករណីពាក់ព័ន្ធនឹងបេក្ខជន រួមមាន វ៉ែនតាឆ្លាតវៃ (Smart glasses) ភ្ជាប់ទៅទូរស័ព្ទដៃចំនួន ១ គ្រឿង, ទូរស័ព្ទដៃឆ្លាតវៃ (Smartphone) ចំនួន ១ គ្រឿង និងនាឡិកាឆ្លាតវៃ (Smartwatch) ចំនួន ៣ គ្រឿង។

ប្រាំពីរករណីដែលនៅសល់ពាក់ព័ន្ធនឹងសមាជិកគណៈកម្មការប្រឡង រួមមាន ទូរស័ព្ទដៃឆ្លាតវៃ ១ គ្រឿង និងនាឡិកាឆ្លាតវៃ ៦ គ្រឿង។ ក្រសួងអប់រំនឹងចាត់វិធានការទៅតាមបទបញ្ញត្តិជាធរមាន។

 

Daily Program

Livesteam thumbnail
khmer popup image