ធនាគារជាតិ មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្ម គ្រីបតូ
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាម លិខិតរបស់ធនាគារជាតិនៃកម្ពុជា និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចន៍ & ជាតនើរ (REACHS & PARTNERS Co., Ltd) យោងតាមសេចក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម។
ក្នុងន័យនេះ រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល (ដែល ក្នុងនោះរួមមានអតិថិជនផងដែរ) របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។
បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាស របស់ធនាគារជាតិនៃកម្ពុជា ស្តីពី «ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ» និងសេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសកម្មភាពខាងលើ អាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជន ផងដែរ។
ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនថា «គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ»។
ធនាគារជាតិនៃកម្ពុជា បានធ្វើការក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការដែលពាក់ព័ន្ធនឹងទ្រព្យសកម្មត្រីបតូ និង បន្តចូលរួមអនុវត្តស្មារតីខ្លឹមសារបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមខាងលើឱ្យបានខ្ជាប់ខ្ជួន៕