ធនាគារជាតិ ចេញសេចក្តីណែនាំជួយសម្រាលបន្ទុកប្រជាពលរដ្ឋ និងយោធិន រងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងយោធិន ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ។ វិធានការនេះ ត្រូវបានផ្តល់ចេញតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងគាំទ្រប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
តាមរយៈសេចក្តីណែនាំនេះ ធនាគារជាតិ បានបញ្ជាក់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ អនុវត្តវិធានការជួយសម្រាលជាចម្បង ៤ចំណុច ដែលរួមមាន៖
១. ការអនុគ្រោះដល់ជនភៀសសឹក
គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវលើកលែងកម្រៃ ប្រាក់ពិន័យ ការបង់ការប្រាក់ និងការបង់ប្រាក់ដើម ចាប់ពីថ្ងៃចេញសេចក្តីណែនាំ រហូតដល់ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២៦។ ជាមួយនេះ ក៏មិនត្រូវធ្វើមូលធនកម្មការប្រាក់ឡើងវិញលើប្រាក់ដើមផងដែរ។
២. ជំនួយដល់យោធិនប្រតិបត្តិការដោយផ្ទាល់
ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ត្រូវអនុវត្តការលើកលែងកម្រៃ និងការផាកពិន័យ ចំពោះយោធិនដែលស្ថិតនៅសមរភូមិប្រយុទ្ធចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៦ និងពន្យារពេលបង់ប្រាក់ដើម និងការប្រាក់ដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៦។
គ្រប់ករណី ក៏មិនត្រូវមានការធ្វើមូលធនកម្មការប្រាក់ឡើងវិញផងដែរ។ បន្ថែមពីនេះ ធនាគារបានណែនាំឲ្យលុបចោលឥណទាន រហូតដល់ ១០លានរៀល សម្រាប់យោធិនពិការ និងរហូតដល់ ៨០ លានរៀលសម្រាប់យោធិន ពលីនៅសមរភូមិ។
៣. រៀបចំឥណទានឡើងវិញ
គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនផ្សេងទៀត ដោយគោរពតាមបទប្បញ្ញត្តិដែលកំពុងអនុវត្ត។
៤. លើកទឹកចិត្តនិងអនុគ្រោះបន្ថែម
ធនាគារជាតិ ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់អនុគ្រោះបន្ថែមតាមស្ថានភាពជាក់ស្តែង ដល់គ្រួសារដែលផលប៉ះពាល់នៅតំបន់ព្រំដែន និងយោធិនដែលកំពុងចូលរួមប្រយុទ្ធ។
សេចក្តីណែនាំនេះ ត្រូវបានដាក់ឲ្យអនុវត្ត ចាប់ពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៥នេះតទៅ ដោយធនាគារជាតិរំពឹងថា កិច្ចការនេះនឹងជាកិច្ចគាំទ្រសំខាន់សម្រាលបន្ទុក និងជួយទប់ទល់នឹងបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលកើតចេញពីស្ថានការណ៍ជម្លោះជាប់ព្រំដែនក្នុងប្រទេស។
ជម្លោះព្រំដែនកម្ពុជាបានចាប់ផ្តើមតានតឹង និងផ្ទុះអាវុធជាថ្មី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៩ ខែធ្នូ ជម្លោះថ្មីៗ បានបង្កឲ្យមានជនស៊ីវិលបានស្លាប់ចំនួន៧នាក់ និងរបួសចំនួន២០នាក់ និងជនភៀសសឹកជាង១ម៉ឺន៦ពាក់គ្រួសារ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងខេត្តចំនួន៥ ដែលក្នុងនោះរួមមាន ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិសាត់ ព្រះវិហារ និងសៀមរាប៕