ធនាគារជាតិនៃកម្ពុជាប្រកាសឱ្យការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។
ជាមួយគ្នានេះ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ក៏បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជនចូលរួមការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះផងដែរ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ៖ «គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត»។
ប្រភពដដែលបន្តថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។
សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ ត្រូវផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕