ទោះបីជាសេដ្ឋកិច្ចមិនអំណោយផល ការលក់ដូរគ្រឿងរណ្តាប់សម្រាប់ចូលឆ្នាំថ្មីប្រពៃណីចិន​និងវៀតណាម មានទីផ្សារ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមឆ្នាំ២០២៦នេះ អាជីវករមួយចំនួនបង្ហាញការរីករាយ ដោយសារតែនៅតែមានអតិថិជនទិញ គ្រឿងរណ្តាប់សែនព្រេន ដូចជាផ្កាអង្គារសីល រុក្ខជាតិតាំងលម្អ និងអាហារទៅតាមជំនឿរបស់ពួកគេ ជាហូរហែ។

ទីតាំងលក់ផ្កានៅតាមជាយៗរាជធានីភ្នំពេញ ដែលតែងទិញប្រភេទផ្កាសម្រាប់ការរៀបចំតាំងសម្អក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន យកមកលក់ និងមានការមមាញឹកជាមួយនឹងការលក់ឱ្យទាន់ រដូវកាល និងស្របពេលដែលអតិថិជនដែលជាអ្នកកាត់ខ្សែស្រឡាយចិន ក៏សម្រុកមកទិញក្នុងពេលវេលានេះដូចគ្នា។

អាជីវករលក់ផ្កាមួយចំនួនបានប្រាប់ថា មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់ពួកគាត់បានត្រៀមថវិកាជាស្រេចសម្រាប់ទិញប្រភេទដើមផ្កាដែលគេមានជំនឿថាផ្តល់ជោគសិរីសួស្តីនោះ និងហ៊ានចំណាយដើមទុនជាច្រើនដើម្បីទិញផ្កាមកលក់ សម្រាប់រកប្រាក់ផលចំណេញទៅវិញ។ ចំពោះប្រភេទផ្កាដែលគេពេញនិយម និងមានជំនឿនាំជោគសិរី ជាពិសេសការរកស៊ីមានបានតាមជំនឿជនជាតិចិននោះ រួមមានដូចជា ដើមអង្គារសីល  ផ្កាស្បៃរឿង ផ្កាសិរមាន់ ដើមក្រូចឃ្វិច  និងផ្លែម្នាស់ ជាដើម។

អ្នកស្រី សួន ស៊ីណា ដែលកំពុងលក់ផ្កាអង្គារសីលនៅក្បែរផ្សារអូឬស្សី រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ផ្កាអង្គារសីលនៅឆ្នាំនេះ មិនសម្បូរដូចរៀងរាល់ឆ្នាំទេពោលគឺថយចុះប្រហែលពាក់កណ្តាល ហើយផ្កាប្រភេទនេះ រាល់ឆ្នាំអ្នកស្រីអាចទិញរាប់រយដើមមកលក់ តែឆ្នាំនេះទិញបានតែជាង២០០ដើមមកលក់ ដែលភាគច្រើនពុំសូវល្អថែមទៀត។ បើតាមស្រ្តីលក់ផ្កាអង្គាសីលរូបនេះ បានប្រាប់ឱ្យដឹងផងដែរថា៖ «ផ្កាអង្គារសីលស្ថិតនៅក្នុងចំណោមផ្កាដែលជនជាតិចិនចូលចិត្តទិញបំផុតមួយ សម្រាប់តាំងលម្អគេហដ្ឋានក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ពីព្រោះវាជាផ្កានាំមកនូវជោគសំណាង និងរកស៊ីមានបានផង»។

ស្រ្តីអ្នកលក់ផ្កា រូបនេះ ក៏បានប្រាប់បន្ថែមថា ផ្កាអង្គារសីលភាគច្រើនយកមកពីខេត្តពោធិ៍សាត់ ឬយកមកពីភ្នំឱរ៉ាល់ជាដើម។ ដោយឡែក លោក គង់ សុខណា ដែលកំពុងលក់ផ្កាតាមបណ្តោយផ្លូវក្បែរវត្តទឹកថ្លា រាជធានីភ្នំពេញបានរៀបរាប់ប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំបងប្អូនខ្មែរសែស្រឡាយចិន តែងមានជំនឿទិញផ្កា និងដើមឈើ យកទៅតាំងលម្អផ្ទះសម្បែង។ លោកអះអាងថា៖ «ឆ្នាំនេះដូចសព្វមួយដងគឺអ្នកស្រីលក់ដាច់ហូរហែរ ដោយក្នុងមួយថ្ងៃៗអាចលក់បានខ្ទង់ពាន់ដុល្លារ ពិសេសមកកៀកថ្ងៃបុណ្យចូលឆ្នាំចិននេះដែរ ខ្ញុំលក់ដាច់ខ្លាំងពីព្រោះអតិថិជនសម្រុកមកទិញច្រើនណាស់»។

ទាក់ទិនទៅនឹងតម្លៃផ្កានេះដែរ បុរសរូបនេះក៏បានប្រាប់បន្ថែមថា៖ «ចំពោះតម្លៃផ្ការបស់ខ្ញុំ មានតម្លៃទាបបំផុតគឺ៥ ០០០ រៀល ជាប្រភេទផ្កាស្បៃរឿង ចំណែកផ្កាដែលថ្លៃខ្ពស់នោះ គឺមានមួយផើងខ្លះថ្លៃរហូតដល់៣៥០ដុល្លារដែលភាគច្រើនទិញទៅតាមធនធានរបស់គេ។ ក្នុងចំណោមផ្កាទាំងអស់នេះ មួយចំនួនគេនាំយមកពីប្រទេសចិនដោយផ្ទាល់ ផ្កាមួយចំនួនពីប្រទេសវៀតណាម និងខ្លះទៀតដាំដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា»។

លោកបានលើកឡើងថា ផ្កាទាំងអស់ដែលលោកទិញមកគឺបានត្រៀមទុកកន្លះខែមកម៉្លេះ ហើយនៅឆ្នាំនេះលោកបានចំណាយថវិកាប្រមាណជាង២ម៉ឹនដុល្លារ សម្រាប់ទិញផ្កាមកលក់ ដែលឃើញថាលក់ដាច់គួរសមទាំងការលក់តាមអនឡាញ និងលក់ផ្ទាល់។ បុរស  ដែលមានវ័យជិត៦០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា៖ «សម្រាប់ដើមផ្កាទាំងអស់នេះ ខ្ញុំតែងលក់ដាច់អំឡុងមួយសប្តាហ៍មុនបុណ្យចូលឆ្នាំចិន មកដល់។ ឆ្នាំនេះគឺខ្ញុំលក់ដាច់ទាំងតាមអនឡាញនិងលក់ផ្ទាល់នៅនឹងកន្លែង»។

កំពុងតែទិញផ្កាយកទៅតាំងលម្អគេហដ្ឋាន អ្នកនាង រស់ សុគន្ធា អ្នករស់នៅក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ជារៀងរាល់ពិធីបុណ្យចូលឆ្នាំចិន អ្នកនាងតែងមកទិញផ្កា ទាំងផ្កាអង្គារសីល និងផ្កាផ្សេងៗទៀតដើម្បីដាក់លម្អក្នុងផ្ទះសម្បែង ពីព្រោះអ្នកនាងជឿជាក់ថា នឹងជួយឱ្យឆ្នាំថ្មីមានជោគសំណាង និងមានភាពសុខសប្បាយក្នុងក្រុមគ្រួសាររបស់ពួកគាត់។

អ្នកនាង រស់ សុគន្ធា ដែលជាអ្នកកាត់សែស្រឡាយកូនចៅចិនរូបនេះបានប្រាប់បន្ថែមថា៖   «រៀងរាល់ឆ្នាំ ខ្ញុំចំណាយថវិកាប្រមាណ២០០ ទៅ៣០០ដុល្លារ សម្រាប់ទិញផ្កាយកទៅដាក់តាំងលម្អនៅគេហដ្ឋាន ក្នុងពិធីបុណ្យចូលឆ្នាំចិន ហើយជំនឿមួយនេះ ខ្ញុំបានធ្វើបន្តពីតាយាយ និងឪពុកម្តាយតរៀងរហូតមក»។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៦នេះ ដែលនឹងឈានមកដល់នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដោយឡែកសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ស្អែកនេះ ជាថ្ងៃសែនជីដូនជីតារបស់ជនជាតិចិន៕

 

Daily Program

Livesteam thumbnail