ទូតចិនប្រចាំកម្ពុជា ជូនដំណឹងបន្ថែមពីកម្ពុជា Free Visa សម្រាប់ទេសចរចិន និងណែនាំពលរដ្ឋខ្លួនចំនួន ៥ ចំណុច ពេលមកកម្ពុជា
ស្ថានទូតចិនប្រចាំកម្ពុជា បានចេញនូវសេចក្តីជូនដំណឹងបន្ថែមពីការលើកលែងទិដ្ឋាការ(Free Visa)របស់កម្ពុជាសម្រាប់ទេសចរចិន និង បានណែនាំពលរដ្ឋខ្លួនចំនួន៥ចំណុចអំពីគម្រោងធ្វើដំណើរមកកម្ពុជាឱ្យមានការយកចិត្តទុកដាក់។ ក្នុងនោះទូតចិន បានរំលឹកពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យពាក់ព័ន្ធនឹងល្បែង គ្រឿងញៀន និង ការងារខុសច្បាប់ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការបង្ក្រាប Online Scams។
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសតាមរយៈបណ្តាញ Wechat បានរំលឹកដល់ពលរដ្ឋចិន ដែលមានគម្រោងធ្វើដំណើរមកកម្ពុជា ត្រូវយកចិត្តទុកដាក់លើចំណុច ៥ ក្នុងនោះមានជាអាទិ៍៖ ត្រូវរៀបចំផែនការធ្វើដំណើរឱ្យបានល្អ ទាំងមុន និងក្រោយធ្វើដំណើរ ជាពិសេស អ្នកដំណើរចិន អាចទាញយកកម្មវិធី Cambodia e-Arrival ឬចូលទៅកាន់គេហទំព័រ arrival.gov.kh ដើម្បីបំពេញព័ត៌មាន និង ទទួលបានប័ណ្ណចូលប្រទេសអេឡិចត្រូនិក។
បន្ថែមពីនេះ ទូតចិនជំរុញឱ្យអ្នកទេសចរចិន ត្រូវយកចិត្តទុកដាក់ ចំពោះការរក្សាលិខិតឆ្លងដែន ទ្រព្យសម្បត្តិ និងឯកសារផ្ទាល់ខ្លួនឱ្យបានល្អ មិនត្រូវជឿជាក់លើជនអនាមិកដោយងាយ និង មិនគួរយកឥវ៉ាន់ជំនួសអ្នកដទៃឆ្លងកាត់ព្រំដែន និងត្រូវគោរពច្បាប់ បទប្បញ្ញត្តិ និងប្រពៃណីសាសនានៅកម្ពុជា ជាពិសេស ពេលទស្សនាប្រាសាទ ព្រះបរមរាជវាំង ឬតំបន់អង្គរ ត្រូវស្លៀកពាក់សមរម្យ និង មិនត្រូវប្រព្រឹត្តអំពើដែលអាចប៉ះពាល់ដល់ព្រះសង្ឃ ឬទំនៀមទម្លាប់ក្នុងស្រុកឡើយ។
ស្ថានទូតចិននៅកម្ពុជា ក៏មិនបានបំភ្លេចពីការជំរុញឱ្យពលរដ្ឋខ្លួន ត្រូវប្រុងប្រយ័ត្នហានិភ័យពាក់ព័ន្ធនឹង “ស្រីស្រា ល្បែង និង គ្រឿងញៀន” ព្រមទាំងការងារខុសច្បាប់ ខណៈថ្មីៗនេះ កម្ពុជា កំពុងបង្កើនការបង្ក្រាប Online Scams។
មួយវិញទៀត ទូតចិនក៏បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋចិនមិនបានយកលិខិតឆ្លងដែនដើមជាប់ខ្លួន អាចត្រៀមរូបថត ឬច្បាប់ចម្លងទំព័រព័ត៌មានលិខិតឆ្លងដែន កំណត់ត្រាចូលប្រទេស ទិដ្ឋាការមានសុពលភាព (ប្រសិនបើមាន) ឬឯកសារបញ្ជាក់ពាក់ព័ន្ធផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ។
បន្ថែមពីនេះ ទូតចិនក៏រំលឹកពលរដ្ឋខ្លួនឱ្យរក្សាទុកលេខទូរស័ព្ទបន្ទាន់សម្រាប់ការហៅប៉ូលិស សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ និងព័ត៌មានទំនាក់ទំនងរបស់ស្ថានទូតចិនប្រចាំកម្ពុជា មុនពេលធ្វើដំណើរ ដើម្បីអាចស្វែងរកជំនួយបានទាន់ពេលវេលា នៅពេលជួបស្ថានការណ៍បន្ទាន់ណាមួយ៕