ទុរេនទូដំបូងរបស់កម្ពុជា ត្រូវបានវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ជាផ្លូវការ

ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។
ក្រុមហ៊ុនដោយគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។
ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥,២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។
បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញគោលនយោបាយ ជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញទៅក្រៅប្រទេស ក្នុងនោះខេត្តត្បូងឃ្មុំបច្ចុប្បន្នមានផ្ទៃដីដាំដុះ ដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ៩៥០ហិកតា ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តជាតិ ហើយការបង្កើតឱ្យមានទីតាំងទទួលទិញ និងវេចខ្ចប់ផ្លែទុរេនក្នុងខេត្តត្បូងឃ្មុំនេះ នឹងកាន់តែជម្រុញទីផ្សារទុរេនកម្ពុជាកាន់តែទូលំទូលាយ បន្ថែមទៀត៕


Daily Program
