ទាហានអ៊ីស្រាអែលវាយប្រហារចំកណ្តាលបេះដូងរដ្ឋធានីដាម៉ាស

កាលពីថ្ងៃទី១៦ ខែកក្កដា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើសង្កាត់ទីបញ្ជាការយោធាស៊ីរី​នៅរដ្ឋធានីដាម៉ាស បន្ទាប់ពីបានគំរាមពង្រីក​ការវាយប្រហារប្រឆាំងនឹងកងកម្លាំង រដ្ឋាភិបាល​ស៊ីរី ប្រសិនបើពួកគេមិនចាក​ចេញពីទីក្រុងស៊ូអេដា ដែលមានជនជាតិ ឌ្រូហ្ស​រស់​នៅ​ច្រើន ក្រោយពីមានអំពើហិង្សារយៈពេល ៣ថ្ងៃ ដែលធ្វើឲ្យមានអ្នកស្លាប់ច្រើនជាង ៣០០នាក់។

ក្រសួងការពារជាតិអ៊ីស្រាអែល Katz បានថ្លែងថា ទាហានអ៊ីស្រាអែលនឹងបង្កើនវិសាលភាព នៃការឆ្លើយតបរបស់ខ្លួនប្រឆាំងនឹងរបបស៊ីរី។ ក្រសួងការពារជាតិអ៊ីស្រាអែល ទាមទារឲ្យ​អ្នក កាន់អំណាចស៊ីរីទុកឲ្យជនជាតិឌ្រូហ្សនៅទីក្រុងស៊ូអេដា រស់នៅដោយមានសន្តិសុខ។

ទាហានអ៊ីស្រាអែលបានដឹកនាំ​ការវាយប្រហារកាលពីថ្ងៃពុធនៅទីក្រុង ដាម៉ាស។ ពួកគេបាន​វាយ​ប្រហារដាក់​គោលដៅមានជាអាទិ៍ លើសង្កាត់អគ្គទី​បញ្ជាការ​ទាហានស៊ីរី នៅកណ្តាល​រដ្ឋធានី​ និងបានប្រកាសថាដាក់គោលដៅវាយប្រហារ​លើ​គោលដៅយោធា​នៅក្នុងតំបន់​វិមាន​ប្រធានាធិបតីផងដែរ។

ក្រសួងសុខាភិបាលស៊ីរីបានថ្លែងថា ការវាយប្រហារទាំងនេះ បានធ្វើឲ្យមានមនុស្សស្លាប់យ៉ាង​ហោច​ណាស់ ៣នាក់ និង ៣៤នាក់ទៀត រងរបួស។ ការវាយ​ប្រហារដ៏ហិង្សា បាន​បំផ្លាញ​មួយ​ចំហៀង​នៃអគារមួយដែលមានបួនជាន់នៃសំណុំអគារដែលជាទីតាំងនៃអគ្គទី​បញ្ជាការកងទ័ព​ជាប់នឹង​ក្រសួងការពារជាតិ។

សាក្សីជាច្រើនបានបញ្ជាក់ប្រាប់ថា ពួកគេបានឮសម្លេងការផ្ទុះ​នៅក្នុង​ផ្នែក​នៃវិមាន​ប្រធានាធិបតីនៅ​រដ្ឋធានីដាម៉ាស និងឃើញផ្សែង​ហុយ​ឡើង​នៅលើតំបន់នោះ ក្រោយ​បន្តិច​បន្ទាប់ពីប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលនៅលើ​សង្កាត់ទីបញ្ជាការទាហានស៊ីរី​នៅ​ក្នុង​កណ្តាល​រដ្ឋធានី។

ទូរទស្សន៍ផ្លូវការរបស់ស៊ីរី បាន​បង្ហាញ​​អំពីការវាយប្រហាររបស់​អ៊ីស្រាអែលកាលពីល្ងាចថ្ងៃ​ទី​១៦ ខែ​កក្កដា នៅលើផ្នែកនៃសង្កាត់​ទី​បញ្ជាការកងទ័ព នៅក្នុង​ភាគ​កណ្តាល​រដ្ឋធានី និងត្រូវ​បាន​​កម្ទេច។ រូបភាពតាមទូរទស្សន៍ក៏បានបង្ហាញអំពីទាហានជាច្រើនបានចាកចេញ​ពីអគារ​ទាំង​​ប្រញាប់​​ប្រញាល់ ដែលជាប់នឹងក្រសួងការពារជាតិស៊ីរី។ លុះព្រឹកឡើង ទាហាន​អ៊ីស្រាអែល ក៏​បាន​ប្រកាស​អំពីការវាយប្រហារលើច្រកចូលសង្កាត់ទីបញ្ជាការយោធាស៊ីរី​ផង​ដែរ។

កាលពីថ្ងៃពុធដែរ ក្រសួងការបរទេសទួរគី បានបរិហារ​អំពីទង្វើវាយឆ្មក់បំផ្លាញលើកិច្ច​ប្រឹងប្រែង​​របស់ស៊ីរីដើម្បីសន្តិភាព និងស្ថិរភាពនៃប្រទេស បន្ទាប់ពីការទម្លាក់គ្រាប់បែក​របស់​អ៊ីស្រាអែលលើរដ្ឋធានីដាម៉ាស។ នៅក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសទួរគី បាន​ថ្លែង​ឲ្យដឹងថា បន្ទាប់ពីកិច្ចអន្តរាគមន៍​ខាងយោធារបស់អ៊ីស្រាអែលនៅក្នុងភាគខាងត្បូងស៊ីរី ការ​វាយប្រហារដែលអ៊ីស្រាអែល​ទើប​តែធ្វើឡើងលើទីតាំងកណ្តាលទីក្រុងដាម៉ាស គឺជាការ​ប៉ុនប៉ងធ្វើការវាយឆ្មក់បំផ្លិចបំផ្លាញកិច្ច​ខិតខំ​ប្រឹងប្រែង​របស់ស៊ីរីដើម្បីធានាសន្តិភាព ស្ថិរភាព និង​សន្តិសុខ។

លោកថម បារ៉ាក បេសកកជនពិសេសរបស់អាម៉េរិក បានអំពាវនាវឲ្យ​គ្រប់​ភាគី​ថយ​ម្នាក់​មួយ​ជំហាន និងត្រូវសន្យាធ្វើកិច្ចសន្ទនាអំពីការឈប់បាញ់​នៅស៊ីរី បន្ទាប់ពីការប្រឈមមុខ​ដែល​ទាក់ទិននឹងសហគមន៍ជនជាតិឌ្រូហ្ស នៅក្នុងភាគខាងត្បូងប្រទេស និងការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែលលើរដ្ឋធានីដាម៉ាស។  ចំណែករដ្ឋមន្រ្តីមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក​ម៉ាកកូ រូប៊ីយ៉ូ បាននិយាយថា បារម្ភ​ខ្លាំងណាស់ដោយការវាយប្រហារនេះ។ ជាមួយ​សមភាគី​ប្រទេសបារ៉ែន លោកបានបញ្ជាក់ថា ៖ “យើងពិភាក្សាជាមួយភាគីទាំងពីរ និងគ្រប់ភាគីដែល​ពាក់ព័ន្ធ ហើយ​យើងសង្ឃឹមថា យើងនឹងអាច​ឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់​ជម្លោះ ប៉ុន្តែ​យើង​ក៏​បារម្ភ​ខ្លាំងណាស់។” លោកបន្ថែមថា យើងចង់ឲ្យការប្រយុទ្ធត្រូវ​បាន​បញ្ឈប់។

 

Daily Program

Livesteam thumbnail