ទាហានរបបស៊ីរីវាយបកដើម្បីរុញច្រានក្រុមបះបោរនៅជិតទីក្រុងគន្លឹះ
កាលពីថ្ងៃពុធទី៤ ខែធ្នូ យោធារបបស៊ីរី បើកការវាយបកមួយដើម្បីព្យាយាមរុញច្រានក្រុមបះបោរ ដែលដឹកនាំដោយជនឥស្លាមប្រកាន់តឹង។ ក្រុមបះបោរបានមកដល់មាត់ទ្វារនៃទីក្រុងដ៏ធំហាម៉ា នៅភាគកណ្តាលនៃប្រទេស បន្ទាប់ពីការវាយប្រហារដូចផ្លេកបន្ទរចេញពីភាគខាងជើង។
យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងថា បន្ទាប់ពីបានដណ្តើមយកទីប្រជុំជនជាង ១០ និងមួយផ្នែកដ៏ធំនៃទីក្រុងអាឡឹប ដែលជាទីក្រុងទីពីររបស់ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ក្រុមបះបោរបានមកដល់មាត់ទ្វារនៃទីក្រុងហាម៉ា។ នេះគឺជាទីក្រុងយុទ្ធសាស្រ្តសម្រាប់ទាហាន ដោយសារតែការការពារទីក្រុងនេះគឺមានសារសំខាន់ដើម្បីការពារទីក្រុងដាម៉ាស ដែលស្ថិតនៅចម្ងាយប្រមាណ ២២០គីឡូម៉ែត្រ នៅភាគខាងត្បូង។ ហាម៉ា ដែលជាទីក្រុងទី៤ របស់ប្រទេសស៊ីរី គឺធ្លាប់ជាឆាកនៃការសម្លាប់រង្គាលដែលប្រព្រឹត្តឡើងនៅឆ្នាំ១៩៨២ ដោយយោធានៅក្រោមរបបនៃឪពុករបស់លោកប្រធានាធិបតី បាចា អាល់ អាសាដ ដែលបង្រ្កាបការងើបឡើងបះបោររបស់បងប្អូនឥស្លាម។ ជាច្រើនទសវត្សក្រោយមក ស្នាមរបួសនៃការបង្រ្កាប ដែលបានជុំរុញជនជាតិស៊ីរីរាប់ពាន់នាក់ឲ្យនិរទេស មិនដែលត្រូវបានជាសះស្បើយទេ។ ហើយទីក្រុងហាម៉ានេះ ក៏ជាទីកន្លែងនៃការផ្ទុះបាតុកម្មធំៗ បំផុត នៅពេលចាប់ផ្តើមការបះបោរគាំទ្រប្រជាធិបតេយ្យនៅឆ្នាំ២០១១ ហើយការបង្រ្កាបពីរដ្ឋាភិបាលក៏បង្កបានជាសង្រ្គាមស៊ីវិលរហូតមកដល់សព្វថ្ងៃ។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ ហាម៉ា បានឲ្យដឹងថា កាលពីថ្ងៃពុធទី៤ ខែធ្នូ មានការពើបប្រយុទ្ធគ្នាដោយហិង្សារវាង ទាហាននៃក្រុមបះបោរពីភាគឥសាន និងពីភាគពាយព្យនៃទីក្រុងហាម៉ា។ អ្នកបើកបររថយន្តម្នាក់វ័យ ៣៦ឆ្នាំ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារសារព័ត៌មានបារាំង បានធ្វើសាក្សីថា កាលពីពេលរាត្រី សម្លេងនៃការផ្ទុះ គឺគួរឲ្យខ្លាច ហើយគេឮយ៉ាងច្បាស់នៃការទម្លាក់គ្រាប់បែកមិនឈប់មិនឈរ។
កាលពីថ្ងៃពុធ អង្គការអង្កេតស៊ីរីសម្រាប់សិទ្ធមនុស្ស (OSDH) បានថ្លែងថា កងយោធារបស់របប ដែលមិនបានប្រឆាំងតទល់ខ្លាំងក្លានៅទីក្រុងអាឡឹប កាលពីពាក់កណ្តាលរាត្រី បានវាយបក ក្រោមការគាំទ្រពីអាកាសនៅក្នុងតំបន់ហាម៉ា និងបានវាយរុញច្រានក្រុមបះបោរ។ អង្គការក្រៅរដ្ឋាភិបាលនេះ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មានបណ្តាញដ៏ធំនៃប្រភពព័ត៌មាននៅស៊ីរី បានផ្តល់ព័ត៌មានអំពីការភៀសខ្លួនដ៏ច្រើនសម្បើមរបស់ប្រជាជននៅក្នុងតំបន់នោះ។ ជនស៊ីវិលរាប់ម៉ឺននាក់បានចាកចេញពីក្នុងតំបន់រស់នៅរបស់ពួកគេទៅភាគខាងជើងទីក្រុងអាឡឹប និងអ៊ីដឡឹប។
យោងតាម OSDH បានឲ្យដឹងថា ការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក ដែលបានសម្លាប់មនុស្ស ៧០៤នាក់ ក្នុងមួយសប្តាហ៍ គឺមាន ១១០នាក់ គឺជាជនស៊ីវិល។
កាលពីថ្ងៃពុធ ការទូតរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងដាម៉ាស ព្រមទាំងទួរគី ដែលជាអ្នកគាំទ្រដ៏ធំរបស់ក្រុមបះបោរ ស្ថិតនៅក្នុងទំនាក់ទំនងគ្នាជិតស្និទ្ធដើម្បីស្តារស្ថិរភាពនៃស្ថានភាពនៅប្រទេសស៊ីរី។
ស៊ីរី ប្រទេសដែលរងគ្រោះដោយសង្រ្គាមស៊ីវិល ដែលបានធ្វើឲ្យមនុស្សស្លាប់ កន្លះលាននាក់ មកដល់ពេលនេះ កំពុងត្រូវពុះជ្រៀកជាតំបន់ឥទ្ធិល ដោយអ្នកប្រយុទ្ធជាច្រើន និងត្រូវបានគាំទ្រដោយមហាអំណាចបរទេសផ្សេងៗ។ នៅខណៈដែលមានការស្ងប់ស្ងាត់បន្តិចចាប់តាំងពីឆ្នាំ២០២០ នៅភាគពាយព្យនៃប្រទេសតាមរយៈបទឈប់បាញ់មួយដែលបង្កើតឡើងដោយទីក្រុងអង់ការ៉ា និងទីក្រុងមូស្គូ ក្រុមសម្ព័ន្ធមិត្តនៃការបះបោរដែលគ្របដណ្តប់ដោយក្រុម HTS ដែលជាអតីតសាខារបស់ក្រុមអាល់កេដា នៅស៊ីរី ក៏បានបង្កើតការវាយប្រហារដូចផ្លេកបន្ទរ នៅក្នុងតំបន់។