ទាហានកូរ៉េខាងជើង រាប់សិបនាក់ឆ្លងកាត់ព្រំដែនកូរ៉េខាងត្បូងមួយរយៈខ្លី
កាលពីថ្ងៃអង្គារទី១៨ ខែមិថុនា អគ្គមេបញ្ជាការអន្តរយោធារបស់ទីក្រុងសេអ៊ូល បានប្រកាស ថា ទាហានកូរ៉េខាងជើងរាប់សិបនាក់បានឆ្លងកាត់ព្រំដែនជាមួយកូរ៉េខាងត្បូង មុននឹងប្រយុទ្ធ ដកថយវិញក្រោមការបាញ់បង្អាក់របស់ទាហានកូរ៉េខាងត្បូង។
អគ្គមេបញ្ជាការកងទ័ពបានឲ្យដឹងថា ទាហានកូរ៉េខាងជើងរាប់សិបនាក់ បានឆ្លងកាត់ខ្សែកំណត់យោធា និងបានដកថយទៅកាន់ទិសខាងជើងវិញ បន្ទាប់ពីមានការបាញ់ព្រមានពី សំណាក់កូរ៉េខាងត្បូង។
ការជ្រៀតចូលនេះ កើតមានឡើងប៉ុន្មានម៉ោងមុនការមកដល់ដែលគ្រោងទុកមកកាន់កូរ៉េខាង ជើង របស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយ។
ប្រភពដដែលបានថ្លែងឲ្យដឹងថា នៅក្នុងឧប្បត្តិវហេតុមួយទៀត ទាហានកូរ៉េខាងជើងជាច្រើននាក់ បានរងរបួសដោយការផ្ទុះមីននៅខណៈដែលពួកគេធ្វើការនៅក្បែរព្រំដែន។
យោងតាមមន្រ្តីនៃអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា ទាហានទាំងនេះ ធ្វើការតាមព្រំដែន និងដាក់មីន ប៉ុន្តែបានទទួលរងការស្លាប់ជាច្រើនបន្ទាប់ពីការផ្ទុះមីនថ្មើរជើងដែលកើតមានបន្តបន្ទាប់គ្នា នៅអំឡុងពួកគេធ្វើការងារ”។
មន្រ្តីកូរ៉េខាងត្បូងនេះ បានបន្តថា ទោះបីជាមានរឿងនេះ ទាហានរបស់កូរ៉េខាងជើង ហាក់ ដូចជាគ្មានការប្រុងប្រយ័ត្ន និងបន្តប្រតិបត្តិការរបស់ពួកគេ។
ចាប់តាំងពីប៉ុន្មានខែមកហើយ កូរ៉េខាងជើងប្រឹងប្រែងកែសម្រួលផ្លូវថ្នល់ និងផ្លូវដែក ដែល ភ្ជាប់ទៅកាន់កូរ៉េខាងត្បូង នៅពេលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅល្អប្រសើរ។
យោងតាមមន្រ្តីនៃអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានឲ្យដឹងថា ទាហានកូរ៉េខាងជើង ក៏កំពុងពង្រឹងលានដ្ឋាននៅតាមបណ្តោយព្រំដែនដោយការដាក់មីន កសាងរនាំងឧបសគ្គប្រឆាំងរថក្រោះថ្មីៗ និងកាប់ឆ្ការឈើក្នុងតំបន់ដ៏ធំ។
មន្រ្តីអគ្គមេបញ្ជាការកងទ័ព បានបន្ថែមទៀតថា ៖ “សកម្មភាពរបស់កូរ៉េខាងជើងហាក់បីដូចជា មានវិធានការដែលសំដៅពង្រឹងការគ្រប់គ្រងផ្ទៃក្នុង មានជាអាទិ៍រារាំងកងទាហាន និង ជនជាតិកូរ៉េខាងជើងរត់គេចមកកូរ៉េខាងត្បូង”។
នេះគឺជាលើកទី២ មិនដល់ ២សប្តាហ៍ ដែលទាហានកូរ៉េខាងជើង ឆ្លងកាត់ខ្សែកំណត់ ដែលបែងចែករដ្ឋកូរ៉េទាំងពីរដែលតាមបច្ចេកទេស គឺស្ថិតនៅក្នុងសង្រ្គាមនៅឡើយ។
កាលពីថ្ងៃទី៩ ខែមិថុនា ទាហានកូរ៉េខាងជើងជាច្រើននាក់ បានឆ្លងកាត់មួយរយៈខ្លីទៅក្នុងដែនដី កូរ៉េខាងត្បូង ហើយបានដកថយបន្ទាប់ពីមានការព្រមានជាសម្លេង និងការបាញ់បង្អាក់ពីទាហានកូរ៉េខាងត្បូង។
កូរ៉េទាំងពីរត្រូវបានបែងចែកតាមតំបន់មិនមានយោធា ឬ DMZ ដែលមានទទឹង ៤គីឡូម៉ែត្រ។ ខ្សែកំណត់ព្រំដែនគឺស្ថិតនៅពាក់កណ្តាល។ សងខាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៃ DMZ ត្រូវ បានពង្រឹងយ៉ាងខ្លាំងក្លា។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងខាងត្បូង សព្វថ្ងៃនេះ ឆ្លងកាត់ដំណាក់កាលមួយដែលតាន តឹងបំផុតក្នុងឆ្នាំ។ ជាបច្ចេកទេសប្រទេសទាំងពីរកំពុងធ្វើសង្រ្គាមជាមួយគ្នានៅឡើយ។ ជម្លោះ ដែលបានប្រយុទ្ធគ្នាពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែន ជា សន្ធិសញ្ញាសន្តិភាពទេ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង បានបង្ហោះទៅកាន់កូរ៉េខាងត្បូងនូវបាឡុង រាប់ រយដែលផ្ទុកទៅដោយសម្រាម និងលាមកសត្វ។
ចំណែកកូរ៉េខាងត្បូង ក៏បានតម្លើងមេក្រូនៅជិតព្រំដែនក្នុងគោលបំណងផ្សព្វផ្សាយឃោសនាទៅកាន់កូរ៉េខាងជើង ដែលវាបានផ្អាកតាំងពីឆ្នាំ២០១៨មក។