ទាហានកូរ៉េខាងជើង បានជួបការស្លាប់បាត់បង់ និងរបួសជាច្រើន
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងកាលពីចុងសប្តាហ៍ថា ទាហានកូរ៉េខាងជើងដែលរងរបួសបានស្លាប់នៅអ៊ុយក្រែន បន្ទាប់ពីបានចាប់ឃុំខ្លួន។ ប្រមុខ រដ្ឋអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងប្រចាំថ្ងៃ បានឲ្យដឹងថា ៖ “ទាហានកូរ៉េខាងជើង បានរងការ បាត់បង់ជាច្រើន គឺច្រើន។ ហើយគេឃើញថា ទាហានរុស្ស៊ី និងមេបញ្ជាការកូរ៉េខាងជើងមិនចាប់អារម្មណ៍ទាល់តែសោះនឹងការរស់រានរបស់ជនជាតិកូរ៉េទាំងនេះ។” លោកក៏បានបរិហារអំពីភាពឆ្កួតលីលាដែលមេដឹកនាំផ្តាច់ការអាចធ្វើបាន ដោយបញ្ជូនទាហានឲ្យមកប្រយុទ្ធ និងឲ្យគេសម្លាប់នៅក្នុងសមរភូមិនៅអឺរ៉ុប”។ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានគូសបញ្ជាក់ថា ៖ “អ្វីៗ គ្រប់យ៉ាងត្រូវបានធ្វើដើម្បីឲ្យយើងមិនអាចចាប់ខ្លួនទាំងរស់នូវទាហានកូរ៉េទាំងនេះ។ រុស្ស៊ីបានបញ្ជូនពួកគេមកឲ្យប្រយុទ្ធដោយមានការការពារតិចតួច។”
សេវាកម្មចារកម្មកូរ៉េខាងត្បូង បានបង្ហាញថា ទាហានកូរ៉េខាងជើងម្នាក់ត្រូវបានចាប់ធ្វើជាអ្នកទោសកាលពីថ្ងៃទី២៦ ខែធ្នូ ដោយទាហានអ៊ុយក្រែន ប៉ុន្តែមិនអាចរស់រានមានជីវិតដោយសាររងរបួសធ្ងន់ធ្ងរ”។
កាលពីថ្ងៃនោះដែរ ទីក្រុងវ៉ាស៊ីនតុន បានអះអាងថា ទាហានជាង ១០០០នាក់ ដែលត្រូវបានដាក់ពង្រាយដោយទីក្រុងព្យុងយ៉ាងនៅក្នុងប្រទេសរុស្ស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បានស្លាប់ និងរងរបួស នៅអំឡុងការវាយប្រហារមួយដែលគ្មានសង្ឃឹមឈ្នះនៅក្នុងតំបន់ព្រំដែនខេត្តគូស្ក៍ របស់រុស្ស៊ី។
លោកចន គៀប៊ី អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានបន្ថែមថា ៖ “វាច្បាស់ថា ប្រមុខយោធារុស្ស៊ី និងកូរ៉េខាងជើង បានចាត់ទុកពួកគេគឺជាទាហានដែលអាចបូជាជីវិត”។លោកបានថ្លែងថា ៖ “កងកម្លាំងកូរ៉េខាងជើង បានដឹកនាំការវាយប្រហារដ៏សម្បើម... ប្រឆាំងនឹងទីតាំងរបស់អ៊ុយក្រែននៅគូស្ក៍។ រលកនៃមនុស្សទាំងនេះមិនមានប្រសិទ្ធភាពប៉ុន្មានទេ... គេវាយតម្លៃថា នៅថ្ងៃនោះ ទាហានកូរ៉េខាងជើងជាង ១០០០នាក់ ត្រូវបានរងរបួស និងសម្លាប់”។
កាលពីថ្ងៃចន្ទ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងជិត ៣០០០នាក់ ត្រូវបានសម្លាប់ និងរងរបួស ចាប់តាំងពីការចូលរួមរបស់ពួកគេជាមួយទាហានរុស្ស៊ី។ ចំណែកទីក្រុងសេអ៊ូល បានផ្តល់តួលេខថា មានទាហានកូរ៉េខាងជើង ១១០០នាក់ បានស្លាប់ និងរបួស។
ការពាក់ព័ន្ធនៃទាហានរៀបរយបរទេស បានបង្កជាការកើនឡើងនូវភាពតានតឹងដ៏ចម្បងនៅក្នុងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានបញ្ឆេះឡើងជិត ៣ឆ្នាំ មកហើយ ដោយលោកវ្លាឌីមៀ ពូទីន។
យោងតាមទីក្រុងគៀវ បានឲ្យដឹងថា មានទាហានកូរ៉េខាងជើង ១២០០០នាក់ ដែលរួមមានមន្រ្តីយោធា ៥០០នាក់ និងឧត្តមសេនីយ៍យោធា ៣នាក់ នៅក្នុងនោះ កំពុងស្ថិតនៅក្នុងតំបន់គូស្ក៍។ នេះគឺជាតំបន់ដែលទាហានអ៊ុយក្រែន បានគ្រប់គ្រងរាប់រយគីឡូម៉ែតការ៉េចាប់តាំងពីខែសីហា។ ទាំងរុស្ស៊ី និងទាំងកូរ៉េខាងជើង មិនបានបញ្ជាក់អំពីវត្តមាននៃអ្នកចូលរួមប្រយុទ្ធកូរ៉េទាំងនេះទេ។
លោកឡេហ្គេន ឡេរីន អ្នកនាំពាក្យចារកម្មយោធាអ៊ុយក្រែន បាននិយាយថា ៖”ការពាក់ព័ន្ធរបស់កូរ៉េខាងជើងនៅក្នុងការប្រយុទ្ធមិនមានឥទ្ធពលធំដុំទេ។” បើតាមរូបលោក កងកម្លាំងកូរ៉េខាងជើង មិនមានបទពិសោធន៍នៃសង្រ្គាមសម័យទំនើប ជាពិសេសប្រឈមមុខនឹងដ្រូនដែលបច្ចុប្បន្ននេះក្លាយជាធម្មតានៅលើសមរភូមិ ហើយពួកគេនៅប្រើតាក់តិចដូចជាសម័យបុព្វកាល ឬតាកតិចមានប្រភពពីសង្រ្គាមលោកលើកទី២ ឬបន្ទាប់ពីសង្រ្គាមលោកនោះ។