ថ្នាក់ដឹកនាំសាសនានៅកម្ពុជា ថ្លែងថ្កោលទោស សកម្មភាពឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
ថ្នាក់ដឹកនាំសាសនាគ្រប់និកាយទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ក្នុងន័យថ្កោលទោសយ៉ាងខ្លាំងក្លា ដោយថ្កោលទោស «ការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ ក្នុងនាមថ្នាក់ដឹកនាំ និងសាសនិក/អ្នកជឿនៃគ្រប់និកាយសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំសូមជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនាទាំងអស់នៅលើពិភពលោក អំពីករណីនៃការឈ្លានពានដោយប្រដាប់អាវុធដោយគ្មានការបង្ករឿង អយុត្តិធម៌ និងខុសច្បាប់ចំនួនពីរលើក ពីសំណាក់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជា៖ លើកទី១៖ ចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥។ លើកទី២៖ ចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលនៅតែបន្តកើតមានរហូតមកដល់ពេលនេះ។
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២:១៥ នាទីរសៀល កងកម្លាំងប្រដាប់អាវុធថៃបានបើកការបាញ់ប្រហារយ៉ាងខ្លាំងក្លាចូលមកក្នុងទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ រួមមាន៖ កាំភ្លើងត្បាល់, គ្រាប់បែកចង្កោម, រថក្រោះ, កាំភ្លើងធំ, យន្តហោះចម្បាំង F-16, ដ្រូន និងផ្សែងពុល នៅតាមបណ្តាខេត្តមួយចំនួនរបស់កម្ពុជា រួមមាន ខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កោះកុង និងផ្នែកខ្លះនៃព្រំប្រទល់ខេត្តសៀមរាប។
យោធាថៃបានប្រព្រឹត្តអំពើឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌ ដោយការបាញ់ផ្លោងមិនរើសមុខមកលើទីប្រជុំជន និងភូមិកររបស់ប្រជាពលរដ្ឋស៊ីវិល វត្តអារាម សាលារៀន និងមន្ទីរពេទ្យ។ ពួកគេក៏បានបំផ្លិចបំផ្លាញផ្លូវថ្នល់ ស្ពាន និងអគារនានា ជាពិសេសបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ ប្រាសាទតាក្របី, ប្រាសាទតាមឿនធំ, ប្រាសាទខ្នា និងជាពិសេស ប្រាសាទព្រះវិហារ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោក។
សកម្មភាពឈ្លានពានទាំងនេះ គឺជាអំពើអសីលធម៌ និងជាការប្រមាថដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាបេតិកភណ្ឌនៃមនុស្សជាតិ និងជាមរតកវប្បធម៌ដ៏កាត់ថ្លៃមិនបានដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ។ យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនយ៉ាងជ្រៅទៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ មិនមែនត្រឹមតែសមរភូមិឡើយ ដែលនេះជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងលក្ខខណ្ឌដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព។
ទន្ទឹមនឹងនេះ កម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈមធ្យោបាយសន្តិវិធី តាមរយៈផ្លូវការទូត និងច្បាប់អន្តរជាតិ ហើយគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សីដោយ៖ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
ទោះបីជាមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងការវាយប្រហារដដែលៗក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២(៣) និង ២(៤))។ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានរក្សាភាពអត់ធ្មត់ជាអតិបរមា និងមិនបានវាយបកវិញក្នុងរយៈពេល ២៤ ម៉ោងដំបូងឡើយ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាទាំងអស់ យើងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនាទាំងអស់ជុំវិញពិភពលោក សូមមេត្តាចូលរួមជាមួយយើងខ្ញុំ ក្នុងការទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងត្រូវគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិដោយស្មោះត្រង់៕