ថ្នាក់ដឹកនាំចលនា ឡូដាតូ ស៊ី (Laudato Si’) នៅអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញនូវផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ
ដោយឈានហួសពីសកម្មភាពការពារបរិស្ថានបែបប្រពៃណី ដើម្បីបញ្ចូលការថែរក្សាបរិស្ថានធម្មជាតិទៅក្នុងជីវិតប្រចាំថ្ងៃរបស់គ្រីស្តបរិស័ទ។ តំណាងមកពីព្រះសហគមន៍កាតូលិកនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានជួបជុំគ្នានៅប្រទេសហ្វីលីពីន ដើម្បីកំណត់អាទិភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់នៃបណ្តាអង្គភាពចលនា ឡូដាតូ ស៊ី បានប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ កាលពីចុងខែតុលាកន្លងទៅ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍មួយ ក្នុងទីក្រុងតាហ្គេតាយ (Tagaytay) ខេត្តខាវីត (Cavite) ដែលជាតំបន់ភ្នំភាគខាងត្បូងទីក្រុងម៉ានីល។
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះ មានសមាជិក ១៧ រូប រួមមានបូជាចារ្យ ២ រូប ដូនជី ១ រូប និងសមាជិកស្ម័គ្រចិត្តជាគ្រហស្ថ ១៤ រូប ដែលមកពីប្រទេសមីយ៉ាន់ម៉ា កូរ៉េខាងត្បូង ទីម័រខាងកើត ឥណ្ឌូនេស៊ី និងហ្វីលីពីន។
កិច្ចប្រជុំរយៈពេល ៤ ថ្ងៃនេះ រៀបចំឡើងដោយលេខាធិការដ្ឋានប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃចលនានេះ ដោយមានគោលបំណងពង្រឹងស្មារតីខាងវិញ្ញាណទាក់ទងនឹងបរិស្ថាន ពង្រឹងការគ្រប់គ្រងអង្គភាពនីមួយៗ និងអនុវត្តផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រសកលសម្រាប់ឆ្នាំ ២០២៧-២០៣០។
លោកស្រី ឆឺរិល ឌូហ្គាន (Cheryl Dugan) នាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃចលនា ឡូដាតូ ស៊ី បានពន្យល់ថា ផែនទីបង្ហាញផ្លូវនេះផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ ការកសាងសហគមន៍ដែលមានភាពធន់រឹងមាំ ការធ្វើសកម្មភាពតស៊ូមតិក្នុងន័យស្ថាបនា និងការពង្រឹងអង្គការក្នុងមូលដ្ឋាន។
ក្នុងន័យគាំទ្រចក្ខុវិស័យនេះ លោក យេប សាណូ (Yeb Sano) ស្ថាបនិកនៃចលនានេះ និងជាអតីតនាយកប្រតិបត្តិនៃអង្គការ Greenpeace ប្រចាំអាស៊ីអាគ្នេយ៍ បានជំរុញឱ្យតំណាងទាំងអស់ធ្វើវិមជ្ឈការភាពជាអ្នកដឹកនាំ ដោយផ្តោតការងារទៅលើក្រុមតូចៗនៅក្នុងព្រះសហគមន៍មូលដ្ឋាន ដែលនេះគឺជាការអនុវត្តជាក់ស្តែងនៃស្មារតីនៃការដើរជាមួយគ្នា។
