ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន៦,១-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ព្រះយេស៊ូបានចែកនំប៉័ងឱ្យមនុស្ស ៥០០០នាក់ ដោយសារតែទទួលបានពីក្មេងតូចម្នាក់ ហើយព្រះអង្គអធិដ្ឋាន និងចែកឱ្យមនុស្សរាប់ពាន់នាក់ទទួលទានបាន។
ចំណុចទី១៖ ព្រះយេស៊ូ ព្រះអង្គបានផ្គត់ផ្គង់
យើងឃើញថាអាហារនេះ ជាអាហារនៃស្ថានបរមសុខដែលយើងគិតដល់អភិបូជា។ ពេលណាដែលយើងចូលរួមថ្វាយអភិបូជា យើងទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាអាហារចិញ្ចឹមជីវិតខាងវិញ្ញាណរបស់យើង។ យើងទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ដែលជួយចិញ្ចឹមជីវិតខាងវិញ្ញាណ និងជួយចិញ្ចឹមជីវិតខាងរូបកាយរបស់យើងផងដែរ។ ហើយនេះព្រះយេស៊ូស្គាល់អំពីតម្រូវការរបស់មនុស្ស ខាងរូបកាយ និងតម្រូវការខាងវិញ្ញាណផងដែរ។
ព្រះអង្គអាចធ្វើឱ្យអ្វីតិចតួច ក្លាយទៅជាអ្វីមួយដ៏ធំបានដូចជានំប៉័ងប៉ុន្មានដុំ ត្រីប៉ុន្មានដុំនេះ ព្រះអង្គអធិដ្ឋាន ព្រះអង្គទូលអង្វរព្រះជាម្ចាស់ និងចែកឱ្យមនុស្សបរិភោគបាន។ យើងឃើញអ្វីដ៏តិច ក៏ប៉ុន្តែមានអត្ថន័យ មានសេចក្តីសង្ឃឹម និងនាំឱ្យបងប្អូនដទៃទៀតអាចទទួលអ្វីបានពីអ្វីដែលតិចតួចនេះឯង។ ប៉ុន្តែ! យើងត្រូវតែចេះចែករំលែក នំប៉័ងដ៏តិចតួច និងត្រីពីរកន្ទុយ មើលទៅដូចជាមិនគ្រប់ទេ តែនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូ អាចក្លាយទៅជាអ្វីមួយដ៏ធំសម្បើមអស្ចារ្យដែលមនុស្សមិនអាចគិតបាន ក៏ប៉ុន្តែព្រះជាម្ចាស់ព្រះអង្គអាចធ្វើបាន។
នេះមានន័យថាអ្វីៗតិចតួចដែលយើងមាន បើយើងចេះប្រគល់ឱ្យព្រះវិញ្ញាណ ឱ្យព្រះជាម្ចាស់ឆ្នៃក្នុងជីវិតរបស់យើង នាំឱ្យយើងក្លាយទៅជាបុគ្គលម្នាក់ដ៏ប្រសើរ។ សូមឱ្យយើងចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុងនាមជាបូជាចារ្យ ក្នុងនាមជាបងស្រី ក្នុងនាមជាបងប្រុស ដើម្បីបម្រើព្រះសហគមន៍ ហើយយកព្រះអំណោយទាននេះទៅបម្រើសង្គមរបស់យើង។
ចំណុចទី២៖ សារៈសំខាន់នៃការទុកចិត្តលើព្រះជាម្ចាស់
ដូចលោកភីលីពតាមគំនិតរបស់គាត់ដូចជាមិនអាចធ្វើទៅរួចទេ មិនអាចទៅរួចទេ ក៏ប៉ុន្តែព្រះជាម្ចាស់អាច ធ្វើទៅរួច។ ដូច្នេះយើងត្រូវជឿ និងទុកចិត្តលើព្រះអង្គ។
ចំណុចទី៣៖ គឺចែករំលែក ដូចក្មេងតូចម្នាក់ដែលគាត់ចេះចែករំលែកម្ហូបអាហាររបស់គាត់ នំប៉័ងរបស់គាត់សម្រាប់តែជីវិតរបស់គាត់តែប៉ុណ្ណោះ និងត្រីសម្រាប់តែគាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែគាត់សុខចិត្តចែក។ ពេលណាគាត់សុខចិត្តចែក គឺនៅពេលនោះហើយដែលនាំឱ្យមនុស្សដទៃទៀតមានសេចក្តីសុខសាន្ត នាំឱ្យមនុស្សដទៃទៀតមានម្ហូបអាហារគ្រប់គ្រាន់ នាំឱ្យមនុស្សដទៃទៀតទទួលស្គាល់ថា ពិតមែនអាហារនេះជួយឱ្យគេមានកម្លាំងឡើងវិញ។
មានន័យថាពេលយើងចេះចែករំលែកព្រះអង្គក៏ប្រើវាដើម្បីជួយឱ្យយើងមានចិត្តដើម្បីចែករំលែកដល់អ្នកដទៃផងដែរ ចែករំលែកសេចក្តីស្រឡាញ់ ពោលពាក្យល្អៗលើកទឹកចិត្តគេ មើលអ្វីល្អៗនៅក្នុងពិភពលោកនេះជាចំណុចវិជ្ជមាន ស្ដាប់អ្វីល្អៗហើយចេះពោលពាក្យសរសើរគេ ជាពិសេសយើងចេះសរសើរតម្កើងព្រះជាម្ចាស់។
ព្រះយេស៊ូមិនស្វែងរកអំណាចលោកីយ៍ទេ គឺព្រះអង្គបង្ហាញអំពីអំណាចដែលមកពីព្រះជាម្ចាស់ អំណាចនៃសេចក្តីស្រឡាញ់។ ប្រសិនបើព្រះយេស៊ូមិនបង្ហាញអំណាចនៃសេចក្តីស្រឡាញ់ទេ បេសកកម្មរបស់ព្រះអង្គបរាជ័យ។ សេចក្តីស្រឡាញ់ ជាពិសេសព្រះអង្គយាងមកសម្រាប់អ្នកតូចតាច សម្រាប់អ្នកក្រីក្រ សម្រាប់អ្នកជំងឺ សម្រាប់បងប្អូនដែលត្រូវគេសង្កត់សង្កិន សម្រាប់បងប្អូនដែលអស់កម្លាំង សម្រាប់បងប្អូនដែលអត់មានទីពឹង ព្រះយេស៊ូបានគង់នៅជាមួយគេ។ ហើយពេលណាយើងឃើញអ្នកជំងឺទាំងអស់នោះ នាំឱ្យយើងឃើញព្រះយេស៊ូផងដែរ ដូចសន្តហ្វ្រង់ស៊ីស្កូ អាស៊ីស៊ី ដែលគាត់និយាយពាក្យពេលណាយើងឃើញអ្នកជនក្រីក្រ ពេលណាយើងឃើញអ្នកគ្មានសម្លៀកបំពាក់ ពេលណាយើងឃើញអ្នកគ្មានទឹក គឺពេលយើងឱ្យគេ គឺនៅពេលនោះយើងឱ្យព្រះយេស៊ូដូចគ្នាដែរ។ សូមឱ្យយើងចេះចែករំលែកដូចក្មេងតូចម្នាក់ ហើយសូមឱ្យយើងទៅចូលរួមថ្វាយអភិបូជា និងសូមឱ្យយើងទទួលព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តជាលើករាល់ថ្ងៃអាទិត្យ អាម៉ែន៕