ថៃគេចអ្នកសារព័ត៌មានក្រោយប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ UN

ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) នៅរសៀលថ្ងៃទី២៥ ខែកក្កដា តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅ អ.ស.ប បានគេចក្រុមអ្នកសារព័ត៌មាន ចំណែកតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅ អ.ស.ប បានជួបជាមួយអ្នកសារព័ត៌មាននិងបានឆ្លើយជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោក នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយចោទជាសំនួរថា ៖«តើហេតុអ្វី? ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ……មិនហ៊ានប្រឈមមុននឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់របស់ពួកគេ និងទង្វើឈ្លានពានប្រដាប់អាវុធរបស់ពួកគេមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងការបំផ្លាញទីតាំងស៊ីវិល និងទីសក្ការៈបូជា។ ចោរខ្លាចប៉ូលិស!»។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតចំហផ្លូវការមួយច្បាប់ផ្ញើជូនលោក Asim Iftikha Ahmad តំណាងអចិន្ត្រៃយ៍របស់ប៉ាគីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យកោះប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
នៅក្នុងលិខិតចំហផ្លូវការផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានបង្កហេតុ និងមានការរៀបចំទុកជាមុនរបស់កងទ័ពសៀម ដែលជាការបំពានយ៉ាងច្បាស់ក្រឡែតលើគោលការណ៍ នៃការមិនឈ្លានពានគ្នា និងសេចក្ដីសម្រេចស្ដីពីការដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី ដែលទាំងនេះសុទ្ធតែជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋាន ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងធម្មនុញ្ញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលហាមប្រាមការគំរាមកំហែង ឬប្រើប្រាស់កម្លាំងបាយបំពានមកលើដែនអធិបតីភាព នៃរដ្ឋឯករាជ្យមួយ ហើយវាក៏ជាការមិនគោរពស្មារតីនៃភាពជាប្រទេសជិតខាងល្អដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់រហូតមកទល់ពេលនេះផងដែរ។
ដូចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំយ៉ាងទទូចឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា ហើយសម្ដេច ក៏សូមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយសង្ឃឹមថា ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គារសហប្រជាជាតិ អាចជួយផ្សព្វផ្សាយលិខិតនេះទៅដល់គ្រប់សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងតម្កល់ទុកជាឯកសាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕
Daily Program
