តើសម្តេចប៉ាប នឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងឆ្នាំ២០២៥ទេ?
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលលើកឡើងអំពីលទ្ធភាពដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នឹងយាងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កំពុងតែបង្កការចាប់អារម្មណ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
យោងតាមរបាយការណ៍របស់ Ukrainska Pravda លោក វៀតូស្លាវ ស៊ីវឈុក (Sviatoslav Shevchuk)ដែលជាមេដឹកនាំព្រះសហគមន៍កាតូលិកក្រិក បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា មិនមានគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបណាមួយត្រូវបានបញ្ជាក់នៅឡើយទេ តែជួនកាលសម្តេចប៉ាប អាចចូលចិត្តធ្វើឱ្យមានការភ្ញាក់ផ្អើល។
ការរំពឹងទុកនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ទៅកាន់អ៊ុយក្រែនត្រូវបានពិភាក្សាជាច្រើនដងចាប់តាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែន។
កាលពីខែមិថុនា ឆ្នាំ២០២២ សម្តេចប៉ាបធ្លាប់បានមានបន្ទូលម្តងថា ទ្រង់មានបំណងចង់ទៅអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយចំពោះករណីរុស្ស៊ីនាំកុមារអ៊ុយក្រែនជាច្រើននាក់ទៅប្រទេសខ្លួន។
ការរំពឹងទុកថ្មីអំពីដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបបានចេញសារអបអរបុណ្យព្រះយេស៊ូប្រសូត្រកាលពី ពីថ្ងៃទី ២៥ ខែធ្នូ ដែលទ្រង់បានលើកឡើងជាពិសេសអំពីជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យមានការបញ្ចប់ និងការចរចាឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវមួយ។
សម្តេចប៉ាបបានទទូចនៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រថា «សូមឲ្យសំឡេងអាវុធស្ងប់ស្ងាត់នៅអ៊ុយក្រែន។ សូមឲ្យមានភាពក្លាហានដែលត្រូវការដើម្បីបើកទ្វារដល់ការចរចា និងកាយវិការនៃការសន្ទនាកើតមាននៅទីនោះ»៕