តើហេតុអ្វីបានជាចិនដាក់កំហិតភ្លាមៗ នៃការហោះរំលងដែនអាកាសរបស់ខ្លួន?
យោងតាមអ្នកជំនាញមួយចំនួនបានឲ្យដឹងថា ទីក្រុងប៉េកាំងបានបិទដែនអាកាសរបស់ខ្ឡួនជាច្រើនតំបន់។ នេះអាចជាប្រតិបត្តិការដែលអាចត្រៀមសម្រាប់ការលុកលុយតៃវ៉ាន់។
កាលពីថ្ងៃទី៥ ខែមេសា សារព័ត៌មាន ឌឹ វ៉ល ស្ត្រ៊ីត ជួនណល់ (The Wall Street Journal) បានបង្ហាញឲ្យដឹងថា នេះគឺជាវិធានការដែលខុសពីទម្លាប់ធម្មតាដែលបានចោទឡើងជាសំនួរជា ច្រើន។ ប្រទេសចិនបានបិទមួយផ្នែកដ៏ធំលើដែនសមុទ្រសម្រាប់រយៈពេល ៤០ថ្ងៃ ដោយមិនបានផ្តល់ការពន្យល់។ ជាទូទៅ ទីក្រុងប៉េកាំង បានកម្រិតការឆ្លងកាត់តំបន់ដែនអាកាសខ្លះ នៅពេលខ្លួនត្រៀមរៀបចំធ្វើសមយុទ្ធយោធា។ ទោះជាយ៉ាងណា មិនមានការប្រកាសអំពីការប្រតិបត្តិការសមយុទ្ធណាមួយសម្រាប់រយៈពេលនេះឡើយ។ ប្រទេសចិនបានផ្សព្វផ្សាយសេចក្តីជូនដំណឹងសម្រាប់បេសកកម្មដែនអាកាស (NOTAM) ដែលសំដៅផ្តល់ព័ត៌មានដល់ពីឡុតនានា និងអាជ្ញាធរដែនអាកាសអំពីគ្រោះថ្នាក់ និងការកំហិតជាបណ្តោះអាសន្នដែលជះឥទ្ធិពលពីការបិទដែនអាកាសនេះ។
លោករ៉ៃ ផោវើល ដែលជានាយកនៃគម្រោងស៊ីឡាយ (Sealight) នៅសកលវិទ្យាល័យ ស្តេនហ្វ៉ត និងតាមដានសកម្មភាពផ្លូវសមុទ្ររបស់ចិន បានឲ្យដឹងថា រយៈពេលកំហិតពិសេសនេះ ដែលភ្ជាប់ជាមួយនឹងការអវត្តមាននៃការប្រកាសអំពីសមយុទ្ធយោធា បង្ហាញថា វាអាចមិនមែនជាលំហាត់យោធាតែមួយទេ ប៉ុន្តែនេះគឺជាស្ថានភាពត្រៀមខ្លួនប្រតិបត្តិការយោធាដែលមានការគាំទ្រយ៉ាងជាប់លាប់ ដែលចិនហាក់ដូចជាមិនចាំបាច់ត្រូវពន្យល់ច្រើនឡើយ។
និយាយមួយបែបទៀត ការរៀបចំបែបនេះអាចអនុញ្ញាតឱ្យទីក្រុងប៉េកាំងហ្វឹកហាត់ចលនាការប្រយុទ្ធលើអាកាសឲ្យមានប្រសិទ្ធភាព ក្នុងស្ថានភាពដែលអាចមានការវាយលុកលើកោះតៃវ៉ាន់។ យុទ្ធសាស្រ្តរបស់ប្រទេសចិនរួមបញ្ចូល មានជាអាទិ៍ការដាក់ចេញនូវចំនុចបិទខ្ទប់លើផ្លូវដឹកជញ្ជូនដែលកងកម្លាំងអាម៉េរិកអាចនឹងប្រើប្រាស់ដើម្បីគាំទ្រដល់តៃវ៉ាន់ ដែលសហរដ្ឋអាម៉េរិកនៅមានប្រព័ន្ធការពារ អង្គភាពវាយប្រហារ និងព្រមទាំងទាហានរាប់ម៉ឺននាក់ដែលបោះទីតាំងនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
រដ្ឋបាលសហព័ន្ធនៃអាកាសចរណ៍អាម៉េរិក (FAA) បញ្ជាក់ថា ជាការគាប់ជួន តំបន់អាកាសដែលកំហិតដោយប្រទេសចិនលាតសន្ធឹងពីសមុទ្រលឿង ទល់នឹងកូរ៉េខាងត្បូង រហូតដល់ដែនទឹកនៃសមុទ្រចិនខាងកើតទល់នឹងជប៉ុន។ សមតិកម្មនេះកាន់តែមានភាពជឿជាក់ ពីព្រោះសេចក្តីជូនដំណឹងសម្រាប់ពីឡុត ក៏ចេញបន្តនូវអាថ៌កំបាំងមួយទៀតដែលពាក់ព័ន្ធនឹងបំណងយោធារបស់ចិន នោះគឺការផ្អាកការហោះហើរដោយកងទ័ពអាកាសចិន ដែលធ្វើជាទៀងទាត់ស្ទើរៀងរាល់ថ្ងៃនៅជិតកោះតៃវ៉ាន់។ នេះគឺជាការស្ងប់ស្ងាត់មួយដែលបានកើតឡើង ស្របគ្នាជាមួយនឹងការចាប់ផ្តើមប្រតិបត្តិការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
ក្រសួងការពារប្រទេសចិន និងអាជ្ញាធរនៃអាកាសចរណ៍ស៊ីវិល មិនបានធ្វើប្រតិកម្មទេ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ បានពន្យល់ប្រាប់ទៅកាន់ ឌឹ វ៉ល ស្ត្រ៊ីត ជួនណល់ ថា គំនិតផ្តួចផ្តើមមិនធម្មតាប្រហែលជាសំដៅសម្រាប់ប្រទេសជប៉ុន ដែលមានវិបត្តិការទូតជាមួយប្រទេសចិនចាប់តាំងពីខែតុលាឆ្នាំមុន។ ហើយកាលពីខែមុន សមាជិកម្នាក់នៃកងកម្លាំងស្វ័យការពាររបស់ជប៉ុន បានចូលទៅក្នុងស្ថានទូតចិននៅទីក្រុងតូក្យូ ដែលបង្កបានជាប្រតិកម្មដ៏ស្រួចស្រាវពីសំណាក់ទីក្រុងប៉េកាំង។ ប្រទេសចិនទាមទារអធិបតេយ្យភាពលើបណ្តុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន និងបញ្ជូនជាទៀងទាត់នូវនាវានៃឆ្មាំឆ្នេររបស់ខ្លួននៅក្បែរៗនោះដើម្បីដាក់សំពាធលើទីក្រុងតូក្យូ។
ចំណែកអ្នកជំនាញដែលមានភាពជិតស្និទ្ធនឹងក្រសួងការពារជាតិជប៉ុន បានថ្លែងប្រាប់សារព័ត៌មាន តេឡេក្រាហ្វ (Telegraph) ថា ហានិភ័យនៃការលុកលុយរបស់ចិនលើប្រជុំកោះទាំងនេះ តំណាងឲ្យការព្រួយបារម្ភខាងសន្តិសុខដ៏ចម្បងរបស់ប្រទេសជប៉ុន។