តើវីរបុរសយោធាចិន លោកឧត្តមសេនីយ ចាង យូស៊ែរ ធ្លាក់ពីកិត្តិយសយ៉ាងដូចម្តេច?
លោកឧត្តមសេនីយ៍ចាង យូស៊ែរ ត្រូវបានដកចេញពីអំណាចនៅប្រទេសចិន។ ប្រភពមួយចំនួនថា លោកធ្វើឲ្យបែកធ្លាយការសម្ងាត់នុយក្លេអ៊ែរចិនទៅឲ្យសហរដ្ឋអាម៉េរិក។ ការសម្រេចនេះត្រូវបានលើកឡើងដោយសារលោករំលោភយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស ដែលធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅក្នុងយោធារបស់លោកស៊ី ជីនពីន ប្រធានាធិបតីចិន និងការធ្វើវិសុទ្ធកម្មដ៏មានសារសំខាន់បំផុតចាប់តាំងពីសម័យបដិវត្តន៍វប្បធម៌។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្ធផ្សាយផ្លូវការរបស់ចិន បានបញ្ជាក់ថា ការស៊ើបអង្កេតពីបទពុករលួយ និងការរំលោភយ៉ាងធ្ងន់ធ្ងរនៃវិន័យ ត្រូវបានបើកឡើងប្រឆាំងនឹងឧត្តមសេនីយ៍រូបនេះដែលបានបាត់បង់ពីបរិយាកាសសាធារណៈចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥។
ចាប់តាំងពីឆ្នាំ២០២៣ យុទ្ធនាការប្រឆាំងអំពើពុករលួយដែលបង្កើតឡើងដោយលោកស៊ី ជីនពីង នៅអំឡុងការមកគ្រប់គ្រងអំណាចរបស់លោកនៅឆ្នាំ២០១២ បានឈានដល់កម្រិតមន្រ្តីជាន់ខ្ពស់នៃយោធារំដោះប្រជាជនចិន PLA។ គ្រាន់តែនៅក្នុងឆ្នាំ ២០២៥ រដ្ឋអំណាចចិនបានបណ្តេញឧត្តមសេនីយ៍យ៉ាងហោចណាស់៨នាក់ ចេញពីជួរបក្សកុំម្មុយនីស្ត ដោយចោទប្រកាន់ថា ពួកគេបានប្រព្រឹត្តិអំពើពុករលួយ។
លោកម៉ាក ឡេនតេន អ្នកឯកទេសប្រទេសចិននៅសកលវិទ្យាល័យអាកទិក ណ័រវ៉េហ្គ បានអះអាងថា ការដកលោកចាង យូស៊ែរ អាយុ ៧៥ឆ្នាំ កត់សម្គាល់នូវការកើនឡើងភាពតានតឹងដ៏ខ្លាំងក្លានៅក្នុងយុទ្ធនាការប្រឆាំងអំពើពុលរលួយរបស់លោកស៊ី ជីនពីង។ លោកគ្រីស្តទ្យាន វៀធ អ្នកឯកទេសនៃបញ្ហាការពារជាតិ និងសន្តិសុខប្រទេសចិននៅវិទ្យាស្ថានអាឡឺម៉ង់ សម្រាប់កិច្ចការអន្តរជាតិ សន្តិសុខ (SWP) បានបញ្ជាក់ថា ដោយការអស់អំណាចរបស់ឧត្តមសេនីយ៍ ចាង យូស៊ែរ ការធ្វើវិសុទ្ធកម្មនៃអង្គការយោធា បានឈានដល់កម្រិតដែលមិនដែលមានពីមុន ចាប់តាំងពីបដិវត្តវប្បធម៌ចិន ដែលនៅពេលនោះ ឧត្តមសេនីយ៍ជាង ១០រូប ត្រូវបានបណ្តេញចេញនៅដំណាច់ទសវត្សឆ្នាំ១៩៦០ ក្រោមបញ្ជារបស់លោកម៉ៅ សេទុង។
លោកចាង យូស៊ែរ មិនមែនជាឧត្តមសេនីយ៍សាមញ្ញ។ លោកមីឆាល បូហ្គូស នយោបាយវិទូ និងជាអ្នកឯកទេសប្រទេសចិននៅមជ្ឈមណ្ឌលប៉ូឡូញសិក្សាបូព៌ាប្រទេស បញ្ជាក់ថា លោកចាង យូស៊ែរ គឺជាអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិម នេះមានន័យថា លោកគឺជាប្រភពមួយក្នុងចំណោមប្រភពនានានៃអំណាចដ៏មានសារសំខាន់នៅប្រទេសចិន។
លោកគ្រីស្តទ្យាន វៀធ ពិព៌នាថា ៖ “លោកបម្រើជាដៃស្តាំរបស់លោកស៊ី ជីនពីង សម្រាប់បញ្ហាយោធា។” លោកមីឆាល បូហ្គូស បញ្ជាក់ថា ៖ “ជាជាក់ស្តែង នេះមានន័យថា លោកចាង យូស៊ែរ គឺជាអ្នកទទួលបន្ទុករាល់ការចាត់ចែងប្រចាំថ្ងៃនៃកិច្ចការយោធាចិន។”
លោកមីឆាល បូហ្គូស បញ្ជាក់ថា ៖ “លោកឧត្តមសេនីយ៍នេះ មិនមែនមកកាន់អំណាចកំពូលរបស់លោកដោយចៃដន្យទេ។ លោកត្រូវបានចាត់ទុកជាវរជនសង្រ្គាមមួយរូបរបស់ចិន។ លោកម៉ាក ឡេនតេន បញ្ជាក់ថា ៖ “លោកចាង យូស៊ែរ គឺជាឧត្តមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ជាន់ខ្ពស់ដំបូងៗ នៃយោធា ដែលមានបទពិសោធន៍ពិតនៃការប្រយុទ្ធ ដោយសារតែលោកបានចូលរួមក្នុងសង្រ្គាមចិន វៀតណាម នៅឆ្នាំ១៩៧៩។
លោកមីឆាល បូហ្គូស អះអាងដែរថា ដំណើរជីវិតរស់នៅ និងអាយុវែងរបស់លោកចាង យូស៊ែរ បានធ្វើឲ្យលោកក្លាយជា “មនុស្សមានមុខមាត់ពេញនិយមខ្លាំងនៅក្នុងកងទ័ព” ដែលនេះធ្វើឲ្យគេពិបាកក្នុងការប្រឈមប្រឆាំងនឹងគាត់។