តើឆ្មាំសន្តិសុខស្វីសធ្វើអ្វី ខណៈសម្តេចប៉ាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ?

បេសកកម្មរបស់កងឆ្មាំសន្តិសុខស្វីស ដែលជាកងកម្លាំងសមត្ថកិច្ចដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក គឺដើម្បីធានាសន្តិសុខរបស់សម្តេចប៉ាប និងការពារកាឌីណាល់ ប៉ុន្តែចម្ងល់ថា តើពួកគេធ្វើអ្វីនៅពេលដែលសម្តេចប៉ាបទ្រង់កំពុងតែនៅមន្ទីរពេទ្យ។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា បច្ចុប្បន្ននេះ ឆ្មាំសន្តិសុខស្វីសកំពុងតែ ដឹកនាំដោយលោកវរសេនីយ៍ គ្រីស្តូស ហ្គ្រាហ្វ ( Christoph Graf) ដែលលោកនិងសមាជិកក្រុមការងារ មានទំនួលខុសត្រូវក្នុងការយាម និងផ្តល់សន្តិសុខនៅក្នុងដែនដីសន្តអាសនៈ អមដំណើរសម្តេចប៉ាបក្នុងការធ្វើដំណើរ និងរក្សាសណ្តាប់ធ្នាប់ និងពិធីការក្នុងអំឡុងពេលសម្តេចប៉ាបទទួលស្វាគមន៍ភ្ញៀវរដ្ឋនានា។
កិច្ចការសំខាន់របស់កងឆ្មាំសន្តិសុខស្វីស គឺការពារសម្តេចប៉ាប ដូច្នេះហើយនៅពេលដែលទ្រង់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងរ៉ូម ២៦ ថ្ងៃកន្លងមកនេះ កងកម្លាំងឆ្មាំសន្តិសុខស្វីសមិនបានចាកចេញពីមុខតំណែង តួនាទីនិងភារកិច្ចរបស់ពួកគេទេ។
ប្រភពដែលស្និទ្ធនឹងកងកម្លាំងឆ្មាំសន្តិសុខស្វីស បានលើកឡើងថា ទោះបីជាសម្តេចប៉ាបមិនមានវត្តមាន នៅក្នុងបុរីវ៉ាទីកង់ក៏ពិតមែន ប៉ុន្តែបេសកកម្មនិងភារកិច្ចគឺនៅដដែល ពោលគឺធានាសន្តិសុខនិងរបៀបរៀបរយកិច្ចការផ្សេងៗនៅបុរីវ៉ាទីកង់៕
Daily Program
