តុលាការសៀមរាប កោះហៅ​មនុស្សពីរនាក់​សាកសួរ​ករណីពាក់ព័ន្ធ​នឹង​រឿង ឆបោក ក្នុង​សំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា

លោក ​លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​ចេញដីកា​កោះ​​បុគ្គលពីររូបគឺលោក ស ថាវី និងលោក​ ស៊ាន បូរ៉ាត ដើម្បីចូលមក ឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី នៅព្រឹក​ថ្ងៃទី១១ ខែធ្នូ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធរឿង ឆបោក ក្នុង​សំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។​

នេះបើយោងតាម​ដីកាកោះរបស់​ចៅក្រមស៊ើបសួរ​លោក ​លិ ស៊ីវទាន ចុះថ្ងៃទី​១៨ ខែវិច្ឆិកា ដែលRVA Khmer ទទួលបាន​នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

លោក ស ថាវី គឺជា អតីតអភិបាលខេត្តឧត្តរមានជ័យ និងជា​អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ហើយលោកត្រូវបានតែងតាំងជាទីប្រក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជា។ ចំណែកលោក ស៊ាន បូរ៉ាត ជា​រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា។

​ដីកាកោះបាន​លើកឡើងថា ៖ «ដីកាកោះ​លោក ស​ ថាវី និងស៊ាន បូរ៉ាត ដើម្បីសាកសួរ​ ពីដំណើររឿង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ»។

ដីកាដដែលបន្តថា ពាក់ព័ន្ធ​ពីបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៨ រហូត ដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការ សំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។និងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។​​

ដីកាកោះបានបន្ថែមថា សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងទៅនឹង រឿងខាងលើមកជាមួយផង ប្រសិនបើមាន។​​

សូមរម្លឹកដែរថា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់លោកស្រី​ ឡេង ចាន់ណា និងបក្ខពួក ពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចដែលមិនអាចជួញដូរបាន និងបទសម្អាតប្រាក់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះចំនួនជាង៥ពាន់គ្រួសារដែលបានចាញ់បោកទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់៕

 

 

Daily Program

Livesteam thumbnail