តុលាការប្រជាជនស្តាប់សក្ខីកម្មលើអំពើហិង្សាកើនឡើងប្រឆាំងនឹងគ្រីស្តបរិស័ទនៅក្នុងប្រទេសឥណ្ឌា

តុលាការប្រជាជនស្តីពីអំពើហិង្សាប្រឆាំងនឹងគ្រីស្តបរិស័ទនៅក្នុងប្រទេសឥណ្ឌាបានស្តាប់សក្ខីកម្មពីអ្នករស់រានមានជីវិត មេដឹកនាំសហគមន៍ អ្នកស្រាវជ្រាវ មេធាវី និងអ្នកតស៊ូមតិសិទ្ធិមនុស្ស ដែលបានកត់ត្រាអ្វីដែលពួកគេបានពិពណ៌នាថាជាគំរូនៃអំពើហិង្សា និងការរើសអើងកាន់តែខ្លាំងឡើងប្រឆាំងនឹងគ្រីស្តបរិស័ទនៅក្នុងតំបន់ជាច្រើននៃប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

តុលាការនេះ ត្រូវបានកោះឲ្យបើកសាវនាការដោយក្រុមពលរដ្ឋដែលមានការព្រួយបារម្ភ នៅក្លឹបរដ្ឋធម្មនុញ្ញក្នុងទីក្រុងញូវដេលី រដ្ឋធានីនៃប្រទេសឥណ្ឌា នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ។

នៅក្នុងសាវនាការតំណាងនិងអ្នករស់រានមានជីវិតមកពីរដ្ឋជាច្រើនដែលរងគ្រោះដោយអំពើហិង្សាបានបង្ហាញភស្តុតាងដែលរៀបរាប់លម្អិតអំពីការវាយប្រហារលើព្រះវិហារ និងការជួបជុំអធិស្ឋាន ការវាយប្រហារលើគ្រូអប់រំជំនឿ និងបូជាចារ្យ ការធ្វើពហិការសង្គម និងសេដ្ឋកិច្ច ការបដិសេធសិទ្ធិបញ្ចុះសព ការបណ្តេញចេញពីភូមិ និងការព្រួយបារម្ភអំពីការឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន និងមេដឹកនាំនយោបាយ។

នៅពេលបើកសវនាការ អ្នកកាសែតជើងចាស់ និងជាសកម្មជនសិទ្ធិមនុស្ស លោក ចន ដាវាល់ ( John Dayal) បាននិយាយអំពើហិង្សាប្រឆាំងនឹងគ្រីស្តសាសនាសហសម័យនៅក្នុងបរិបទប្រវត្តិសាស្ត្រដ៏ទូលំទូលាយមួយ។ លោកបានរំលឹកឡើងវិញនូវការសម្លាប់អ្នកប្រកាសដំណឹងល្អជនជាតិអូស្ត្រាលី លោក ហ្គ្រាហាម ស្តេនណេស (Graham Staines) និងកូនប្រុសពីរនាក់របស់គាត់នៅឆ្នាំ ១៩៩៩ នៅរដ្ឋ អូឌីសា ( Odisha) ភាគខាងកើតនៃប្រទេសឥណ្ឌា ក៏ដូចជាអំពើហិង្សាទ្រង់ទ្រាយធំប្រឆាំងនឹងគ្រិស្តសាសនានៅក្នុងស្រុក កាន់ដាម៉ាល់ ( Kandhamal) នៅរដ្ឋដដែល ក្នុងឆ្នាំ ២០០៨  ដែលបានបណ្តេញមនុស្សរាប់ពាន់នាក់ចេញ និងបំផ្លាញព្រះវិហារ និងផ្ទះសម្បែង។

តុលាការក៏បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយដែលបង្ហាញពីឧប្បត្តិហេតុនៃអំពើហិង្សាប្រឆាំងនឹងគ្រីស្តសាសនានៅ ម៉ាឌីយ៉ា ប្រាដេស ( Madhya Pradesh )ដែលជារដ្ឋភាគកណ្តាលនៃប្រទេសឥណ្ឌា ដោយផ្អែកលើសក្ខីកម្មផ្ទាល់ពីគ្រួសារដែលរងផលប៉ះពាល់ប្រហែល ១៥ គ្រួសារ។

អ្នកប្រវត្តិសាស្ត្រ  តានីកា សាកា (Tanika Sarkar) បានឆ្លុះបញ្ចាំងពីផលប៉ះពាល់សង្គម និងនយោបាយកាន់តែទូលំទូលាយនៃសក្ខីកម្មដែលបានបង្ហាញ។ លោកស្រី បានព្រមានប្រឆាំងនឹងអ្វីដែលលោកស្រីបានពិពណ៌នាថាជាការធ្វើឱ្យមានលក្ខណៈធម្មតានៃការមិនអត់ឱនចំពោះភាគច្រើន និងលំហររួមតូចសម្រាប់សេរីភាពសាសនា និងប្រជាធិបតេយ្យ។

អតីតសមាជិកគណៈកម្មការផែនការ ស៊ីដេដា មាមេដ( Syeda Hameed) បានសម្តែងការព្រួយបារម្ភជាពិសេសចំពោះរបាយការណ៍ម្តងហើយម្តងទៀតអំពីគ្រិស្តសាសនាដែលត្រូវបានបដិសេធសិទ្ធិបញ្ចុះសព ដោយពិពណ៌នាអំពីឧប្បត្តិហេតុបែបនេះថាជាទម្រង់នៃការរើសអើងដ៏ថោកទាបបំផុតដែលត្រូវបានកត់ត្រាក្នុងអំឡុងពេលសវនាការ។ល៕

Daily Program

Livesteam thumbnail