ដ្រូនអត្តឃាតថ្មីរបស់ទីក្រុងគៀវ នឹងធ្វើឲ្យខ្សោះឈាមទីតាំងការពាររបស់រុស្ស៊ី

អាវុធយោធាថ្មីនឹងចូលរួមប្រយុទ្ធលើផ្ទៃអាកាសរបស់អ៊ុយក្រែន ជាមួយនិង គោលដៅ បំផ្លាញ ទីតាំងឈជើងការពាររបស់រុស្ស៊ី។ កាលពីថ្ងៃទី១៥ ខែកញ្ញា រដ្ឋមន្ត្រីផ្លាស់ប្តូរទម្រង់ឌីជីថល របស់អ៊ុយក្រែន លោកមីខៃឡូ ហ្វ៉េដូរូវ បានប្រកាសថា គម្រោងការនៃការបង្កើតថ្មីពាក់ព័ន្ធនឹងវិស័យការពារជាតិ នឹងធ្វើការដកពិសោធន៍ដ្រូនអត្តឃាតប្រភេទថ្មីមួយដែលជាផលិតកម្មរបស់អ៊ុយក្រែន នៅលើសមរភូមិផ្ទាល់។
ដោយហោះហើរបាន ៤០គម អាវុធថ្មីទាំងនេះ ផ្តល់នូវកម្រិតនៃការវាយប្រហារខ្លាំងជាង ២ដង លើសកម្រិតដ្រូនដែលប្រើប្រាស់នាពេលសព្វថ្ងៃ។ ពួកវាអាចមានសមត្ថភាពបោកបញ្ឆោតប្រព័ន្ធ ទំនាក់ទំនង ចាប់សញ្ញា និងបំបាំងកាយអេឡិចត្រូនិករបស់រុស្ស៊ីផងដែរ។ ពួកវាផ្តល់នូវ ជម្រើសដែលអស់ថ្លៃថោកជាងក្នុងការប្រើគ្រាប់ផ្លោង និងគ្រាប់មីស៊ីលដើម្បីវាយប្រហាររយៈចម្ងាយឆ្ងាយ និងពង្រឹងបន្ថែមលើប្រព័ន្ធកាំភ្លើងធំ។ ទាំងអស់នេះអាចកាត់បន្ថយហានិភ័យសម្រាប់ទាហានដោយមិនសូវឲ្យមានគ្រោះថ្នាក់នៅលើសមរភូមិជួរមុខ។ ការសាកល្បងលើទី១ លើសមរភូមិនឹងត្រូវធ្វើឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
យោងតាមគេហទំព័រឯកទេសយោធា អាវីយ៉ុង ស្ហាស៍ ហ្រ្វ៉ង់ (avion-chasse.fr) បានឲ្យដឹងថា សព្វថ្ងៃនេះ ដ្រូន FPV ដែលត្រូវបានប្រើប្រាស់យ៉ាងលើសលុបលើសមរភូមិដោយអ៊ុយក្រែន អាចវាយប្រហារគោលដៅដែលស្ថិតនៅរយៈចម្ងាយពី ១០គម ទៅ ២០គម ជាមធ្យម។ គេហទំព័រនេះ វិភាគថា គំរូដ្រូនថ្មីទាំងនេះ នឹងអនុញ្ញាតឲ្យបង្កការខូចខាតខាងក្រោយខ្សែការពាររបស់សត្រូវ។ “គោលដៅនឹងមិនកម្រិតនៅត្រឹមត្រង់សេ ឬយានយន្តប្រយុទ្ធនៅជិតសមរភូមិនោះទេ ប៉ុន្តែវារួមបញ្ចូលឃ្លាំង និងការដឹកជញ្ជូន ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបញ្ជាការដែលស្ថិតនៅពីក្រោយខ្សែត្រៀមសមរភូមិផងដែរ”។ ពួកវាក៏ត្រូវពិនិត្យឃើញថាអាចតស៊ូនឹងប្រព័ន្ធអេឡិចត្រូនិកបំបាំងកាយ ដែលជាមធ្យោបាយមួយដ៏សំខាន់នៃប្រព័ន្ធការពាររបស់រុស្ស៊ី។
គេហទំព័រអាម៉េរិកមានឯកទេសខាងសព្វាវុធឌីហ្វេន ប្លក Defence-blog បានឲ្យដឹងថា អាវុធ និងគ្រាប់រំសេវដែលត្រូវធ្វើតេស្ត៍ថ្មីៗនេះ ត្រូវបានរកឃើញថា មានតម្លៃថោក មានការវិវត្តន៍ខ្លាំងជាងមុន និងស្រួលប្រើប្រាស់ ដែលផ្តល់ឲ្យកងកម្លាំងអ៊ុយក្រែននូវសមត្ថភាពវាយប្រហារប្រកបដោយភាពបត់បែន ជាមួយនិងរយៈចម្ងាយកាន់តែឆ្ងាយ។
ចំណែកសារព័ត៌មានគៀវអ៊ីនដេភិនដិន Kyiv Independent បន្ថែមថា ប្រសិនបើពួកវាមើលឃើញថា មានភាពតស៊ូប្រយុទ្ធខ្ពស់ ប្រព័ន្ធដ្រូនថ្មីទាំងនេះនឹងអាចធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូន ទីតាំងកាំភ្លើងធំ និងសម្ភារៈយោធាដែលស្ថិតនៅពីក្រោយខ្សែត្រៀមរបស់រុស្ស៊ី។ ឥទ្ធិពលដែលត្រូវបានសិក្សាស្រាវជ្រាវឃើញ គឺធ្វើឲ្យខ្សែការពាររបស់រុស្ស៊ីលាតសន្ធឹងកាន់តែវែង និងធ្វើឲ្យពួកគេខ្សោះឈាមនៅលើសមរភូមិ ក៏ដូចជានៅខាងក្រោយសមរភូមិ។
គេហទំព័រ អាវីយ៉ុង ស្ហាស៍ ហ្វ្រ៉ង់ (avion-chasse.fr) ប្រៀបធៀបថា ដ្រូនអាវុធដែលមិនចាំបាច់មានពីឡុតបើកបរ ត្រូវបានប្រើប្រាស់យ៉ាងលើសលុបនៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយហេតុផលរបស់វា គឺការចំណាយមានភាពសន្សំសំចៃ។ ដ្រូន FPV មួយ មានតម្លៃប្រមាណ ៣០០០ អឺរ៉ូ ហើយបើប្រើប្រាស់មីស៊ីលដែលមានប្រព័ន្ធនាំផ្លូវគឺត្រូវចំណាយរាប់ម៉ឺនអឺរ៉ូ។
ដោយព្យាយាមបំពេញចន្លោះនៃគុណវិបត្តិខាងសព្វាវុធតទល់នឹងរុស្ស៊ី អ៊ុយក្រែនសង្កត់ធ្ងន់លើការបង្កើតថ្មី និងក៏បានបង្កើតគម្រោងការ Brave1 នៅឆ្នាំ២០២៣ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងការពារជាតិ និងទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ហើយក៏ពឹងផ្អែកលើការចាប់ផ្តើមថ្មី (startups) របស់ជនជាតិអ៊ុយក្រែន។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះប្រឈមនឹងការកម្រិតខាងហិរញ្ញវត្ថុផងដែរ។
Daily Program
