ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនៅប៉ាពួញូវហ្គីនៀ

សម្តេចប៉ាបហ្វ្រងស៊ីស្កូ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ទ្រង់នៅក្នុងប្រទេសប៉ាពួញូវហ្គីនៀហើយដែលបានធ្វើឡើងក្នុងថ្ងៃទី៦-៩ កញ្ញានេះ។

ក្នុង​ថ្ងៃនេះ សម្តេចប៉ាប​ហ្វ្រងស៊ីស្កូ បាន​បញ្ចប់​ដំណើរទស្សនកិច្ច​របស់​ទ្រង់​នៅ​ក្នុង​ប្រទេស​ប៉ាពួញូវហ្គីនៀហើយដែល​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃទី​៦-៩ កញ្ញានេះ​។ ដំណើរទស្សនកិច្ច​របស់​សម្តេចប៉ាប​ក្នុងប្រទេស​នេះ គឺ​ផ្តោត​សំខាន់​លើក​ទឹកចិត្ត​និង​ពង្រឹងជំនឿនិង​ការ​ទំនាក់ទំនង​របស់​គ្រីស្ត​បរិស័ទ​និង​ព្រះជាម្ចាស់​ដោយ​ការអធិដ្ឋាន។

នៅព្រឹក​ថ្ងៃទី​៧ កញ្ញា នៅ​ប្រទេស​ប៉ាពួញូវហ្គីនៀ សម្តេចប៉ាប​បាន​ជួប​ជាមួយ​មេដឹកនាំនិង​មន្ត្រី​សំខាន់ៗ​​នៃ​ប្រទេសនេះ ហើយទ្រង់​បាន​អំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការចែកចាយធនធានដោយយុត្តិធម៌ ស្នើសុំ​ឲ្យបញ្ចប់អំពើហិង្សាលើកុលសម្ព័ន្ធនិងឯកភាពសម្រាប់ការអភិវឌ្ឍន៍។ ហើយ​ទ្រង់​ក៏​សង្កត់​ធ្ងន់​លើ​ការ​តម្លៃខាងវិញ្ញាណសម្រាប់ការលូតលាស់សង្គម និង​បង្កើត​ភាពជាដៃគូរវាងព្រះសហហគមន៍​និងរដ្ឋាភិបាល។ ហើយ​ពេល​រសៀល ទ្រង់​បាន​ជួបជាមួយ​គ្រីស្តបរិស័ទ​នៅ​ក្នុងប្រទេស​នេះ ដោយ​បានលើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ខិត​ខំ​រក្សាជំនឿ និង​កុំ​ភ័យខ្លាច គឺ​ត្រូវ​បើក​ចិត្ត​ដោយ​អំណរ​ទទួល​​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើកចិត្ត​ដើម្បី​ស្វែងរក​ព្រះជាម្ចាស់​ក្នុងជីវិត និង​បើកចិត្ត​ដើម្បី​ស្រឡាញ់​បងប្អូន​ឯទៀតៗ។

នៅថ្ងៃទី​៨ កញ្ញា​សម្ដេចប៉ាប បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ នៅ​និវេសនដ្ឋាន​របស់​លោកអគ្គរាជទូតតំណាង​សម្តេចប៉ាបនៅ​ក្រុង​វ៉ានីម៉ូ​​(VANIMO)  និង​បាន​ថ្វាយ​អភិបូជា​នៅ​ពហុកីឡាដ្ឋានលោក​ចនហ្គូអ៊ីស (Sir John Guise)។

នៅពេល​រសៀល​ ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់វ៉ាន់នីម៉ូ​ ដែល​ជា​ប្រជុំ​កោះស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាពួញូវហ្គីនៀ​។ នៅទីនោះ​សម្តេចប៉ាប​ មាន​បន្ទូលទៅកាន់​គ្រីស្តបរិស័ទក្នុង​តំបន់​នោះ​ថា «បេសកកម្មរបស់យើងគឺច្បាស់ណាស់ថា ផ្សព្វផ្សាយភាពស្រស់ស្អាតនៃដំណឹងល្អរបស់​ព្រះគ្រីស្តនៅគ្រប់ទីកន្លែង តាមរយៈសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងបងប្អូនដែលនៅ​ជុំវិញយើង»។

ជាមួយគ្នានេះ សម្តេចប៉ាប បាន​លើក​ទឹកចិត្ត​ដល់​គ្រីស្តបរិស័ទទាំងអស់​ឲ្យ​ចូលរួម​គាំទ្រ​ដល់​សាសនទូត​ និង​សហគមន៍របស់​ខ្លួន។ ទ្រង់​ក៏​បាន​អំពាវនាវឱ្យគ្រីស្ត​បរិស័ទ​ចេះ​រួបរួម​គ្នាយកឈ្នះការបែកបាក់សាមគ្គីភាព​ និងកុំ​ឲ្យ​មាន​អាកប្បកិរិយាបំផ្លិចបំផ្លាញ ដោយ​ទ្រង់​បាន​សង្កត់​ធ្ងន់ថា សេចក្តីស្រឡាញ់​ជាកម្លាំង​លើស​អ្វី​ៗទាំងអស់ ហើយភាពស្រស់ស្អាតរបស់វាអាចព្យាបាលពិភពលោកបាន។

សម្តេចប៉ាប​សូម​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​អ្នក​មាន​សុភមង្គល​ ភីធើ ធូ រ៉ុត (Blessed Peter To Rot) ដែល​ជា​គ្រូអប់រំជំនឿ​តស៊ូ​ប្រឆាំង​ចំពោះ​អំណាច​ជប៉ុន​លើ​ច្បាប់​អាពាហ៍ពិពាហ៍​របស់​ព្រះសហគមន៍។ សម្តេចប៉ាប់​រំលឹក​អំពី​លោក​ភីធើនេះ​ថា លោក​បាន​ផ្តល់​សក្ខីកម្ម​នៃ​សេចក្តីស្រឡាញ់ មិន​ត្រឹម​តែ​ពាក្យសម្ដី​ប៉ុណ្ណោះ តែ​ដោយ​ការ​អនុវត្ត​ផង។

នៅ​លើកោះ​នោះ សម្តេចប៉ាប​បាន​ធ្វើ​ជំនួប​ដាច់​ដោយឡែក​ជាមួយ​ក្រុម​សាសនទូត​ បន្ទាប់​មក​ក៏​វិល​ត្រលប់​ទៅក្រុង​ឌីលី (Dili) ហើយ​នៅ​ព្រឹកថ្ងៃបន្ទប់ទ្រង់​បាន​ជួប​ជាមួយ​យុវជន ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ទីម័រខាងកើត។

ប៉ាពួញូវហ្គីនៀ ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទ្វីបអូសេអានី ជា​ប្រទេស​ទី៣​ដែលមាន​ប្រជុំ​កោះ​ច្រើន​ជាង​គេ​ក្នុងពិភពលោក ដែលមាន​ប្រជាជន​១០លាននាក់ និយាយ​៨៤០ភាសាដែលធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជាប្រទេសចម្រុះភាសាច្រើន​ជាង​គេ។ ក្នុង​ចំណោម​ប្រជាជន​មាន​អ្នក​កាន់​គ្រីស្ត​សាសនា​ចំនួន​៧០% ដែលក្នុងនោះ​មាន​កាតូលិ​ក​ចំនួន​២៦%៕

Daily Program

Livesteam thumbnail