ដំណើរជីវិត និងវត្តមានរបស់ត្រីរាជនៅក្នុងអាងទន្លេមេគង្គ

នៅក្នុងអត្ថបទដែលបានចុះផ្សាយដោយទស្សនាវដ្តីអេកូឡូស៊ីសាកល និងអភិរក្ស (Global Ecology and conservation) នាថ្ងៃទី១៩ មីនា ឆ្នាំ២០២៦ កន្លងមកនេះ បានរៀបរាប់អំពីត្រីរាជ ដែលជាត្រីមានដងខ្លួនធំ មានដើមកំណើត និងធ្វើចរាចរណ៍ផ្លាស់ទីតែនៅក្នុងអាងទន្លេមេគង្គ។ បើយោងតាមកំណត់ត្រាវិទ្យាសាស្ត្រ ត្រីរាជ អាចធំលូតលាស់ដល់ទម្ងន់ ៣០០គីឡូក្រាម និងមានប្រវែងដងខ្លួនដល់ទៅ ៣ម៉ែត្រ រស់នៅក្នុងអាងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងអាចមានរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងប្រទេសចិន នាភាគខាងត្បូង។ 
ត្រីរាជ ជាប្រភេទត្រីឥតស្រកា ត្រូវបានគេចាត់ទុកជាត្រីតំណាងទន្លេមេគង្គ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ខ្លាំង នៅដើមសតវត្សទី២០ ដោយសាររូបរាងដ៏ធំមហិមារបស់វា។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្យាករណ៍ត្រីរាជ បានថយចុះជាលំដាប់ ដោយសារការបាត់បង់ទីជម្រក ការរំខានផ្លូវធ្វើចរាចរផ្លាស់ទីដើម្បីពងកូន និងការចាប់បានដោយចៃដន្យ ដែលបច្ចុប្បន្ននេះ ត្រីរាជ ត្រូវបានគេកំណត់ជាប្រភេទងាយរងគ្រោះថ្នាក់ជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការអាយូស៊ីអិន និងបានកំណត់នៅក្នុងបញ្ជីនៃសន្ធិសញ្ញាស្តីពីប្រភេទសត្វទេសន្តរប្រវេសន៍ (Convention on Migratory Species) ផងដែរ។ ការនេសាទត្រីរាជ ត្រូវបានហាមឃាត់យ៉ាងតឹងរឹងដោយច្បាប់រដ្ឋ ដូចជានៅក្នុងប្រទេសថៃ ត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៤៧ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៣ និងនៅប្រទេសឡាវ ក្នុងឆ្នាំ២០០៩។
ទោះជាយ៉ាងណា ការនេសាទត្រីរាជ បានដោយចៃដន្យ បានរួមចំណែកដល់ការថយចុះនៃចំនួនត្រីរាជ និងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ដទៃផ្សេងទៀត។ ការតាមដានត្រីកម្រទាំងអស់នេះ គឺពិតជាពិបាកណាស់ ហើយទិន្នន័យគឺនៅមានភាពខ្វះចន្លោះ។ ក្រុមអ្នកនិពន្ធ បានអង្កេតពីការចាប់បានត្រីរាជដោយចៃដន្យ នៅក្នុងប្រព័ន្ធទន្លេមេគង្គប្រទេសកម្ពុជា។ នៅចន្លោះខែតុលា ឆ្នាំ១៩៩៩ និងខែមករា ឆ្នាំ២០២៥ ត្រីរាជចំនួន ១៣២ក្បាល ត្រូវចាប់បាន។ ក្នុងនោះ អត្រារស់រានមានជីវិតរបស់វា អាចលើសពី ៨៣% ក្រោយពេលកិបស្លាកសញ្ញាសម្គាល់ និងលែងវាឱ្យទៅកាន់ទីជម្រកធម្មជាតិវិញ។ ចន្លោះខែតុលា ដល់ខែមករា គឺជាពេលវេលាដ៏មមាញឹកបំផុត ដែលត្រីអាចធ្វើចរាចរណ៍ផ្លាស់ទី។ ត្រីរាជដែលចាប់បានដោយចៃដន្យ គេសង្កេតឃើញទម្ងន់ខ្លួន និងប្រវែងដងខ្លួនសរុបរបស់វាធ្លាក់ចុះ ដែលបង្ហាញបម្រែបម្រួលរចនាសម្ព័ន្ធប្រជាសាស្ត្រ។ ប្រវែងសរុបរបស់ត្រីរាជដែលបានចាប់បានដោយចៃដន្យកន្លងមកមានប្រវែងចាប់ពី១០០ ទៅ២៦៣ សង់ទីម៉ែត្រ និងទម្ងន់ចន្លោះពី១២ ទៅ២៩១ គីឡូក្រាម ។
លំនាំនៃការចាប់ត្រីតាមតំបន់ភូមិសាស្ត្រ និងពេលវេលា បង្ហាញពីទំនាក់ទំនងនៃទន្លេមេគង្គ ទន្លេសាប និងបឹងទន្លេសាប ដែលបញ្ជាក់ពីការធ្វើដំណើរតាមគន្លងផ្លូវធ្វើចរាចរណ៍ផ្លាស់ទីជាប្រវត្តិសាស្ត្រដដែលៗ។ ការចាប់បានត្រីរាជ ដោយចៃដន្យ អាចកើតឡើងបានគ្រប់វដ្តជីវិត (ពងត្រី កូនត្រី ត្រីពេញវ័យ) នៅទីតាំងភូមិសាស្ត្រជាច្រើន ក្នុងចន្លោះខែតុលា និងមករា ជារៀងរាល់ឆ្នាំ។ 
យ៉ាងណាម៉ិញ ព័ត៌មានទទួលបានពីប្រជានេសាទ ដែលរាយការណ៍ពីការចាប់បានត្រីរាជដោយចៃដន្យ គឺបានជួយអ្នកស្រាវជ្រាវ និងអ្នកធ្វើផែនការគ្រប់គ្រងជលផលឱ្យដឹងពីវត្តមានរបស់ប្រភេទកម្រនេះ នៅតែមានរស់នៅក្នុងទន្លេ។ ព័ត៌មានពីការធ្វើចរាចរផ្លាស់ទី ទីតាំងភូមិសាស្ត្រ ពេលវេលា ទីជម្រកសំខាន់ៗសម្រាប់ពងកូន ដែនជម្រកសម្រាប់លូតលាស់ ទីកន្លែងស្វែងរកចំណី របបទឹក និងបរិស្ថាន ដែលសុទ្ធសឹងតែបានចូលរួមចំណែកយ៉ាងច្រើន សម្រាប់ការធ្វើផែនការគ្រប់គ្រងត្រីរាជ ឱ្យកាន់តែមានប្រសិទ្ធិភាព៕

Daily Program

Livesteam thumbnail