ដើរលេងស្រុកយើងចំណូលបានពលរដ្ឋយើង តែដើរលេងស្រុកគេចំណូលដឹងតែបានគេ !
ពលរដ្ឋកម្ពុជាយើងគួរតែនាំគ្នាដើរលេងនៅក្នុងស្រុកប្រសើរជាងនាំគ្នាដើរលេងនៅស្រុកក្រៅ ដោយសារតែកាលណាយើងដើរលេងស្រុកគេការចំណាយរបស់យើងនឹងក្លាយជាចំណូលពលរដ្ឋគេហើយ ប៉ុន្តែបើយើងដើរលេងស្រុកយើងចំណូលដឹងតែបានដល់ពលរដ្ឋយើង។
ជាការពិតដើរលេងស្រុកគេយើងអាចប្លែកភ្នែក ជាមួយនឹងទិដ្ឋភាពប្លែកថ្មីរួមទាំងបទពិសោធថ្មីៗ ដែលវាអាចមានប្រយោជន៍សម្រាប់យកជាគំនិតមកកែច្នៃចេញជាមុខរបរ ឬមុខជំនាញដើម្បីមកច្នៃដំណើរការនៅក្នុងស្រុកយើង ។ ប៉ុន្តែកុំភ្លេចថា ប្រសិនបើយើងដើរត្រឹមតែលេង ស៊ីចាយឲ្យសប្បាយចិត្តនោះទេ គួរតែដើរលេងចាយវាយនៅក្នុងស្រុកវិញវាជួយជាតិជួយពលរដ្ឋជួយបងប្អូនយើងផ្ទាល់។
ដើរលេងនៅស្រុកគេគ្រប់កាក់គ្រប់សេននៃលុយដែលយើងខំរកស៊ីកន្លងមក គឺសុទ្ធតែធ្លាក់នៅលើដៃរបស់ពលរដ្ឋស្រុកគេទាំងអស់ប៉ុន្តែប្រសិនបើយើងនាំគ្នាដើរលេងនៅក្នុងស្រុក ដូចជាករណីបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,០៥ លាននាក់ដែលបានចំណាយដើរលេងនៅក្នុងប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺគ្រប់កាក់គ្រប់សេនដែលយើងចំណាយ គឺធ្លាក់នៅលើដៃពលរដ្ឋយើងទាំងអស់ ហើយនៅក្នុងនោះក៏អាចមានបងប្អូនយើងផងដែរ ។
ជួយច្រើនណាស់បងប្អូន មនុស្ស១,០៥ លាននាក់ ប្រសិនបើម្នាក់ចាយតែ១ ដុល្លារក៏ចំណូលចូលបងប្អូនពលរដ្ឋយើងក៏អាចឲ្យសេដ្ឋកិច្ចចលនាជាមួយនឹងសាច់ប្រាក់១,០៥ លានដុល្លារដែរ ប៉ុន្តែយើងដឹងថា នៅក្នុងការដើរលេងម្តងៗម្នាក់មិនអាចចាយលុយនៅក្នុងមួយថ្ងៃតិចជាង១៥ដុល្លារនោះទេ ដូច្នេះត្រឹមតែ៣ថ្ងៃនេះ ពលរដ្ឋយើងបានជួយចាក់លុយចូលសេដ្ឋកិច្ចរហូតដល់ ជិត ១៦ លានដុល្លារដែរ ។
ការចំណាយនេះគឺរាប់តាំងពីថ្លៃប្រេងឥន្ធនៈ ថ្លៃហូបចុក ថ្លៃទិញវត្ថុអនុស្សាវរីយ ថ្លៃស្នាក់នៅ ថ្លៃធិប ថ្លៃចាយកំប៉ិកកំប៉ុក ដូច្នេះរាល់ការចំណាយទាំងនេះវាហូរដល់អ្នកបម្រើការនៅតាមក្រុមហ៊ុនប្រេងឥន្ធនៈ អ្នកផ្តល់សេវាកម្មលក់នំចំណី សេវាកម្មអ្នកជួសជុលរថយន្ត សេវាកម្មស្នាក់នៅហូបចុក ដែលនៅក្នុងនោះយើងដែលជាអ្នកដែលដើរលេងផ្ទាល់នេះ ប្រសិនបើយើងបណ្តាក់ទុននៅផ្នែកណាមួយនៃខ្សែសង្វាក់សេវាកម្មដែលយើងចំណាយក៏យើងអាចទទួលផលកម្រៃមកវិញពីការចំណាយនេះដែរ ។
សរុបមកវិញប្រសិនបើយើងចង់ដើរលេងស្រុកគេត្រឹមតែម៉ាដើរលេងកំសាន្តទេហើយយកលុយទៅជះនៅស្រុកគេទេ ស្តាយយកមកចាក់ចូលនៅក្នុងសកម្មភាបសេដ្ឋកិច្ចនៅក្នុងស្រុកយើងវិញវាជួយឲ្យពលរដ្ឋយើងមានមុខរបរមានការងារមានប្រាក់ចំណូលវិញប្រសើរជាង៕