ជ័យជម្នះរបស់លោកដូណាល់ ត្រាំ អ៊ុយក្រែនមានហេតុផលក្នុងការព្រួយបារម្ភ
នៅក្នុងសេចក្តីថ្លែងសន្ទរកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅរដ្ឋហ្វ៉្លរីដា សហរដ្ឋអាម៉េរិក លោកដូណាល់ ត្រាំ បានអរគុណប្រជាជនអាម៉េរិកសម្រាប់ការផ្តល់កិត្តិយសអស្ចារ្យបោះឆ្នោតឲ្យរួបលោកជាប់ជាប្រធានាធិបតីទី៤៧។ បន្ទាប់មក លោកបានសន្យាថា លោកនឹងបញ្ចប់សង្រ្គាម។ នេះគឺជាសេចក្តីថ្លែងសន្ទរកថា ដែលគេវិនិច្ឆ័យថា ផ្តល់ការព្រួយបារម្ភសម្រាប់ទីក្រុងគៀវ ដែល ទាហានរបស់ខ្លួនកំពុងដកថយរួចហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រឈមមុខនឹងកងកម្លាំងរុស្ស៊ី របស់លោកវ្លាឌីមៀ ពូទីន។
យោងតាមបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា ជនជាតិអ៊ុយក្រែនព្រួយបារម្ភ។ នេះពីព្រោះថា នៅពេលយុទ្ធនាការបោះឆ្នោតរបស់លោក បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានបញ្ចេញនូវភាពស្រពិចស្រពិលខ្លាំងអំពីការបន្តការសន្យារបស់អាម៉េរិកសម្រាប់ទីក្រុងគៀវ។
សារព័ត៌មានឌឹ ហ្គ៉ាកដៀន The Guardian រៀបរាប់ឲ្យដឹងថា ចាប់តាំពីច្រើនខែ លោកដូណាល់ ត្រាំ និយាយម្តងហើយម្តងទៀតថា លោកអាចនឹងដាក់សំពាធដល់អ៊ុយក្រែនឲ្យចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរុស្ស៊ី និងដូច្នេះក៏បញ្ចប់សង្រ្គាម មិនដល់ ២៤ម៉ោងទេ។
សារព័ត៌មាន ឌឹ គៀវអ៊ីនដឺផិនដិន The Kiev Indenpendant ប្រាប់ឲ្យដឹងថា របាយការណ៍ និងសេចក្តីថ្លែងសន្ទរកថាខ្លះពីមនុស្សនៅជិតស្និទ្ធនឹងមហាសេដ្ឋីពាន់លានរូបនេះ បានបង្ហាញថា ការដាក់សំពាធលើអ៊ុយក្រែនគឺរឿងពាក់ព័ន្ធដើម្បីឲ្យអ៊ុយក្រែនប្រគល់ដីសព្វថ្ងៃដែលគ្រប់គ្រងដោយរុស្ស៊ី ឬ ២០% នៃផ្ទៃដីជាតិអ៊ុយក្រែន ឬបដិសេធការចង់ចូលជាសមាជិករបស់អ៊ុយក្រែនមកក្នុងអង្គការណាតូ។ ដូច្នេះរឿងនេះ វាផ្ទុយពីផែនការជ័យជម្នះដែលចង់បានដោយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលចំនុចដែលសំខាន់បំផុត គឺការអញ្ជើញជាផ្លូវការឲ្យអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្តអាត្លង់ទិច ព្រមទាំងពង្រឹងជំនួយយោធា។
ដោយអបអរសាទរលោកដូណាល់ ត្រាំសម្រាប់ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល លោកហ្សេឡេនស្គី បាននិយាយថា សង្ឃឹមលទ្ធផលនេះនឹងជួយអ៊ុយក្រែនឲ្យទទួលបានសន្តិភាពដែលមានយុត្តិធម៌។ នៅលើបណ្តាញសង្គម X លោកបានសរសេរថា ៖ លោកកោតសរសើរការសន្យាប្រធានាធិបតីត្រាំ ដែលចង់បានការខិតទៅជិតសន្តិភាពនៅក្នុងកិច្ចការពិភពលោក។ លោកក៏បានរំឭកអំពីជំនួបដ៏កក់ក្តៅជាមួយគ្នានៅទីក្រុងញូយ៉ក កាលពីខែកញ្ញា និងថ្លែងថា លោកទាំងពីរបានពិភាក្សាអំពីមធ្យោបាយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោកបានស្វាគមន៍ភាពជាអ្នកដឹកនាំដ៏ដាច់ខាតរបស់លោកត្រាំ និងលើកឡើងអំពីការគាំទ្រដ៏ខ្លាំងក្លារបស់អាម៉េរិកចំពោះអ៊ុយក្រែន។
ក្តីបារម្ភមួយទៀតសម្រាប់ជនជាតិអ៊ុយក្រែន គឺការកាត់ផ្តាច់ជំនួយអាម៉េរិកដ៏ច្រើនដែលនាំមកសម្រាប់ទីក្រុងគៀវ។ CNN រំឭកថា ក្រោមរដ្ឋកាលរបស់លោកបាយឌិន សហរដ្ឋអាម៉េរិក បានផ្តល់រាប់សិបពាន់លានដុល្លារជាជំនួយសម្រាប់អ៊ុយក្រែន នៅក្រោមទម្រង់ជាសព្វាវុធ និងជំនួយថវិកា។ រដ្ឋបាលលោកក៏ត្រៀមបន្តនាំមកនូវជំនួយដ៏ច្រើនដែលអាចទៅរួចសម្រាប់ទីក្រុងគៀវមុននឹងការចូលកាន់មុខងាររបស់លោកដូណាល់ ត្រាំ។
សារព័ត៌មាន ឌឹ គៀវអ៊ីនដឺផិនដិន សរសេរថា ប្រសិនបើលោកដូណាល់ ត្រាំ កាត់បន្ថយការគាំទ្រអ៊ុយក្រែន សេដ្ឋកិច្ចអាម៉េរិក នឹងទទួលរងវិបាក ដោយសារតែឧស្សាហកម្មកាពារជាតិអាម៉េរិក ទទួលបានច្រើនជាង ៥០ពាន់លានដុល្លារក្នុងការវិនិយោគចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អាមុកសឺលីន Ms 500