ជំនឿត្រូវតែដើរទន្ទឹមគ្នានឹងការបម្រើ ហើយនិងការទទួលខុសត្រូវ
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាបន្ទូលរបស់សម្តេចប៉ាបឡេអូទី១៤ ដែលទ្រង់បានលើកឡើងនៅពេលដែល ទ្រង់យាងជួបជាមួយនឹងលោកអភិបាល បូជាចារ្យ បព្វជិត-ជិតា នៅថ្ងៃទី០១ ខែធ្នូ អំឡុងពេលទស្សនកិច្ចនៅលីបង់។
ប្រភពដដែលបានលើកឡើងថា នាឱកាសនោះ សម្តេចប៉ាប ឡេអូ បានគូសបញ្ជាក់ពីការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានរបស់គ្រប់សាសនាទាំងអស់ ហើយសង្កត់ធ្ងន់លើតម្លៃនៃការអប់រំ និងបង្ហាញសមាណចិត្តនិងភាពកក់ក្តៅ សម្រាប់ជនអន្តោប្រវេសន៍។
សម្តេចប៉ាបគេអូបានគូសបញ្ជាក់ពីភាពពាក់ព័ន្ធនៃបាវចនានៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសនេះថា អ្នកណាបង្កើតសន្តិភាព អ្នកនោះមានសុភមង្គលហើយ។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ការតស៊ូក្នុងស្ថានភាពលំបាកច្រើនតែមានប្រភពមកពីការអធិស្ឋាន។ ទ្រង់បានលើកឡើងថា ការអធិដ្ឋានជាស្ពានដែលមើលមិនឃើញតែវាអាចបង្រួបបង្រួមនិងតភ្ជាប់ដួងចិត្តជាមួយនឹងការអត់ធ្មត់ ។
ហើយដើម្បីកសាងសន្តិភាព សម្តេចប៉ាបឡេអូក៏បានមានបន្ទូលថា គ្រីស្តបរិស័ទចាំបាច់ត្រូវផ្តោតសេចក្តីស្រឡាញ់ និងចិត្តទូលាយជាជាងការភ័យខ្លាចបាត់បង់ ពង្រឹងសាមគ្គីភាពនិងពង្រីកក្តីសង្ឃឹម៕