ជំនួយការឯកជនសម្តេចប៉ាបបីជំនាន់ទទួលមរណភាព
វ៉ាទីកង់ញូវបានរាយការណ៍ថា លោក អេនជេឡូ ហ្គោហ្គេល (Angelo Gugel) ដែលជាជំនួយការឯកជនរបស់សម្តេចប៉ាបបីជំនាន់បានទទួលមរណភាពក្នុងជន្មាយុ ៩០ ឆ្នាំ។
លោក អេនជេឡូ ហ្គោហ្គេល ដែលបានបម្រើការងារនិងបានជួយសម្តេចប៉ាប៣អង្គ គឺមាន សម្តេចប៉ាប យ៉ូហាន ប៉ូលទី១ សម្តេចប៉ាបយ៉ូហានប៉ូលទី២ និង សម្តេចប៉ាបបេណេឌិកទី១៦។
លោកបានទទួលមរណភាព នៅទីក្រុងរ៉ូមក្នុងជន្មាយុ ៩០ ឆ្នាំ បន្ទាប់ពីបានបម្រើការជាជំនួយការឯកជនរបស់សម្តេចប៉ាបអស់រយៈពេលជាច្រើនទសវត្សរ៍។
លោកត្រូវបានអញ្ជើញមកបំពេញការងារជាជំនួយការសម្តេចប៉ាបយ៉ូហានប៉ូលទី១ ហើយបានបន្តការងារនេះជាមួយនឹងសម្តេចប៉ាបយ៉ូហាន ប៉ូល ទី២ អស់រយៈពេលជិត ២៧ ឆ្នាំ រួចបានបន្តដល់សម្តេចប៉ាបបេណេឌិកទី១៦មួយរយៈមុនពេលលោកត្រូវចូលនិវត្តន៍នៅអាយុ៧០ឆ្នាំ ។
លោក អេនជេឡូ ហ្គោហ្គេល កើត នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៣៥ នៅ ប្រទេសអ៊ីតាលី ហើយបានរៀបការ ក្នុងឆ្នាំ ១៩៦៤ និងមានកូន៤នាក់។
លោកត្រូវបានគេដឹងថា គឺជាសាក្សីដ៏សំខាន់នៃការសោយទិវង្គតរបស់សម្តេចប៉ាបយ៉ូហានប៉ូលទី១ដែលជាសម្តេចប៉ាបដែលមានព្រះជន្មខ្លីបំផុត។
លោកបានចាប់ផ្តើមការងារនៅបុរីវ៉ាទីកង់ដំបូងនៅក្នុងឆ្នាំ១៩៥៥ នៅក្នុងនាមជាមន្រ្តីសន្តិសុខម្នាក់ប៉ុណ្ណោះ៕