ជំទាវទីមួយអ៊ុយក្រែនជួបសម្តេចប៉ាប និងសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យកុមារវ៉ាទីកង់

ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ទីក្រុង​រ៉ូម ជួប​ជាមួយ​អាជ្ញាធរ​អ៊ីតាលី និង​មន្ត្រី​រដ្ឋាភិបាល​ខណៈ​ប្រទេស​របស់​លោកស្រី​ប្រារព្ធ​ខួប ១០០០ ថ្ងៃ​នៃ​សង្រ្គាម។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរមកកាន់ទីក្រុងរ៉ូម​ លោកស្រី អូលីណា ហ្សេឡេស្កា (Olena Zelenska)បានជួបជាមួយនឹងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ។

នៅក្នុងដំណើរមកកាន់អ៊ីតាលីនៅពេលនេះ លោកស្រី បានជួបជាមួយនឹងមន្ត្រី​អ៊ីតាលីជាច្រើន ហើយដោយឡែកនៅបុរីវ៉ាទីកង់ លោកស្រីបានទទួលស្វាគមន៍នៅក្នុងជំនួបជាលក្ខណៈឯកជនមួយជាមួយនឹងសម្តេចប៉ាប ហើយក៏បានធ្វើដំណើរទៅទស្សនកិច្ចនៅមន្ទីរពេទ្យកុមារបាប៊ីណូយ៉េស៊ូ (Bambino Gesù) កន្លែងដែលកុមារអ៊ុយក្រែនជាច្រើននាក់កំពុងតែព្យាបាលនិងសង្រ្គោះជីវិតនៅទីនោះ ។

នៅក្នុងជំនួបជាមួយនឹងសម្តេចប៉ាប្រមាណជា ៣០ នាទី លោកស្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប៉ាប​ដែលតែងតែយកចិត្តទុកដាក់និងធ្វើ ការអំពាវនាវជាបន្តបន្ទាប់អោយបញ្ឈប់ សង្រ្គាម ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់ពលរដ្ឋអ៊ុយក្រែន ។​

លោកស្រីក៏បានថ្លែងអំណរគុណ ចំពោះការថែទាំរបស់មន្ទីរពេទ្យ ចំពោះកុមាររាប់ពាន់នាក់របស់អ៊ុយក្រែន ខណៈដែលសម្តេច ប៉ាបបានរំលឹកឡើងវិញនូវភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះប្រជាជនអ៊ុយក្រែន។

លោក អេនឌ្រី យូរ៉ាស់ (Andrii Yurash) ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅ សន្តអាសនៈ ដែលបានចូលរួមនៅក្នុងជំនួបនោះបាននិយាយថា វាជាពេលវេលាវិជ្ជមាន និងស្ងប់ស្ងាត់ ។

លោកបានបន្តថា ៖ «នេះគឺជាឱកាសដ៏សំខាន់មួយផ្សេងទៀតដើម្បីពង្រឹងមិត្តភាពរបស់យើងជាមួយបុរីវ៉ាទីកង់។ ទំនាក់ទំនងមិនដែលមានភាពរឹងមាំបែបនេះទេ»។

នៅលើបណ្តាញសង្គមរបស់ខ្លួនវិញ​ស្រ្តីទីមួយអ៊ុយក្រែនបានបង្ហើបថា នៅក្នុងជំនួបជាមួយនឹងសម្តេចប៉ាប លោកស្រីគ្មានអ្វីក្រៅពីរៀបរាប់អំពីសម្លេងស៊ឺរ៉ែននិងការផ្ទុះទាំងយប់ទាំងថ្ងៃ បន្លឺឡើងនៅក្នុងប្រទេស ខណៈដែលប្រទេសរុស្ស៊ីនៅតែបន្តសម្លាប់ប្រជាជនអ៊ុយក្រែន៕

Daily Program

Livesteam thumbnail