ជិត១ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើងបានជិត ៩០០ នាក់
មន្រ្តីអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ក្មេងទំនើងចំនួន២២៧ករណីត្រូវបានបង្រ្កាប ដោយក្នុងនោះសមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនក្មេងទំនើងបានចំនួន៨៨៥នាក់ផងដែរ។
នេះជាការលើកឡើងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកថា សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយោងតាមបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការដឹកនាំបញ្ជាផ្ទាល់ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ទូច សុខៈ បានបញ្ជាក់ថា ៖ «គ្រប់កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតែរំលឹកអំពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលសង្កត់ធ្ងន់លើក្រុមក្មេងទំនើង គ្រឿញៀន និងបទល្មើសនានា បូករួមនឹងការផ្តល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋផងដែរ»។