ជប៉ុន ផ្ដល់ឥណទានសម្បទាន ១៦២.៧ លានដុល្លារ ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានជាប្រាក់យ៉េនជប៉ុន ដែលមានតម្លៃ ២៤,២៣៧ ប៊ីលីយូនយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តារ និងកែលម្អប្រព័ន្ធធារាសាស្ត្រ និងរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (ជំហានទី៣)។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អ៊ូអិណុ អាត្ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតាមតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយសារគ្រោះទឹកជំនន់ តាមរយៈការស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងប្រព័ន្ធរំដោះទឹកដែលមានស្រាប់ នៅក្នុងច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។
ក្រសួងបានសង្កត់ធ្ងន់ថា ជំនួយហិរញ្ញវត្ថុបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។