ជនស៊ីវិលស៊ូដង់ទទួលរងនូវកម្រិតនៃអំពើហិង្សាកាន់តែអាក្រក់
១៥ខែនៃសង្រ្គាមស៊ីវិលដ៏សាហាវនៅក្នុងប្រទេសស៊ូដង់បានសម្លាប់មនុស្សជាង ១៥ម៉ឺននាក់ និងបង្ខំឱ្យមនុស្សជាងប្រាំបួនលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងដីធ្លី របស់ពួកគេ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជម្លោះនយោបាយរវាងឧត្តមសេនីយយោធាស៊ូដង់ពីររូបដែលបានផ្ទុះអាវុធដោយសារតែពួកគេប្រឆាំងនឹងការធ្វើសមាហរណកម្ម យោងតាមផែនការអន្តរកាលឆ្ពោះទៅរកការបោះឆ្នោតដោយសេរី បន្ទាប់ពីការបណ្តេញលោក អូម៉ា អាល បាសៀ (Omar al-Bahsir )មេដឹកនាំផ្តាច់ការដែលកាន់អំណាចយូរឆ្នាំក្នុងឆ្នាំ២០១៩មក។ ទង្វើនេះ បានបណ្តាលឱ្យកើតមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅលើពិភពលោក។
នៅពេលដែល វិស័យកសិកម្មត្រូវបានបំផ្លាញដោយសង្រ្គាម ហើយធនាគាររបស់ប្រទេសត្រូវបានប្លន់ អសន្តិសុខកើតមានគ្រប់កន្លែង ភាពអត់ឃ្លានកំពុងតែកើនឡើង កាន់តែអាក្រក់ ដោយមនុស្សស្លាប់ដោយអត់ឃ្លានកើតមានជាប្រចាំ។
របាយការណ៍របស់ក្រុមគ្រូពេទ្យគ្មានព្រំដេន បានចោទប្រកាន់គ្រប់ភាគីនៃសង្រ្គាម ថា "មិនយកចិត្តទុកដាក់" ចំពោះជីវិតមនុស្ស និងច្បាប់អន្តរជាតិ។
អង្គការនេះបានរៀបរាប់លម្អិតអំពីកម្រិតនៃអំពើហិង្សាដ៏អាក្រក់ដែលទទួលរងដោយស៊ូដង់។
ក្រុមគ្រូពេទ្យគ្មានព្រំដែន គ្រប់គ្រងមនុស្សរាប់ពាន់នាក់ដែលរងរបួសដោយសារសង្រ្គាមនៅក្នុងតំបន់ទម្លាក់គ្រាប់បែក និងបាញ់ផ្លោង បាននិយាយថា របួសផ្លូវកាយ និងផ្លូវចិត្តនៃអំពើហិង្សាគឺកាន់តែធ្ងន់ធ្ងរឡើងដោយការដួលរលំនៃប្រព័ន្ធសុខាភិបាល និងកង្វះការឆ្លើយតបផ្នែកមនុស្សធម៌អន្តរជាតិ។ .
ពួកគេបាននិយាយថា នៅទូទាំងប្រទេសស៊ូដង់ ការថែទាំសង្គ្រោះជីវិតរបស់ប្រជាជនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះខាតបរិក្ខាពេទ្យ និងការលួចសម្ភារៈពេទ្យ អសន្តិសុខ និងការវាយប្រហារលើអ្នកជំងឺ និងបុគ្គលិកពេទ្យ ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពផងដែរ៕