ជនស៊ីវិលកាន់តែច្រើនត្រូវបានបញ្ជាឱ្យផ្លាស់ទីលំនៅពីតំបន់ហ្គាហ្សា
ក្រុមមន្រ្តីមនុស្សធម៌របស់អង្គការសហប្រជាជាតិបានអះអាងថា អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលបន្ថែមទៀតផ្លាស់ទីលំនៅចេញេពីតំបន់ហ្គាហ្សាខាងជើង ដោយសារតែខ្លួនគ្រោងបើកការវាយប្រហារនាពេលខាងមុខ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា បទបញ្ជារឲ្យផ្លាស់ប្តូរទីលំនៅចុងក្រោយគឺសម្រាប់ជនស៊ីវិលនៅក្នុងតំបន់ អាល់ ប៊ូរី ( Al-Bureij ) នៅក្នុងខេត្ត ឌៀរ អាល់ បាឡាស (Deir al Balah ) ។
មានសេចក្តីរាយការណ៍ថា ជនស៊ីវិលភាគច្រើនត្រូវបានដាក់នៅក្នុងការឡោមព័ទ្ធ ហើយបង្ខំឲ្យចាកចេញមុនពេលដែលអ៊ីស្រាអែលនឹងទម្លាក់គ្រាប់បែក។
កាលពីសប្តាហ៍មុន ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើ និងជុំវិញមន្ទីរពេទ្យបានរុញច្រានប្រព័ន្ធថែទាំសុខភាពរបស់ហ្គាហ្សាដល់កម្រិតនៃការដួលរលំទាំងស្រុង ហើយបានលើកឡើងពីការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ជុំវិញបញ្ហាទាំងអស់នេះ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា អ្នកជំងឺចំនួន ៥៥ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុនសម្រាប់ការព្យាបាលនៅអារ៉ាប់រួម។