ជនបរទេស ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានជនបរទេសប្រមាណ ៣០ម៉ឺននាក់ហើយ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត។

ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសទទួលជួបលោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និង ដោយឡែកចំពោះក្រសួងមហាផ្ទៃ បានកំពុងអនុវត្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

លោកឯកអគ្គរដ្ឋទូត បន្ដថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា។ លោក ទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាក ពីព្រោះឯកឧត្តមផ្ទាល់ ក៏ពិបាកស្រមៃដែរ ថានឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។

ជាការឆ្លើយតប ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ថា «មកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស»។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមត្ថកិច្ចបានម្ចាស់ការបោសសម្អាត បទល្មើសនេះ ជាលក្ខណៈទ្រង់ទ្រាយ ធំច្រើនកន្លែងហើយ ប៉ុន្តែជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់ តាមអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់វិធានការ វះកាត់មន្ត្រីពាក់ព័ន្ធជាអាទិ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង៕

 

Daily Program

Livesteam thumbnail