ច្រកអ័រមូស នុយក្លេអ៊ែរ អ្វីដែលគេដឹងអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និង សហរដ្ឋអាម៉េរិក

កាលពីថ្ងៃអាទិត្រ ទី២៤ ខែឧសភា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បាន​បន្ថយ​ក្តី​សង្ឃឹម​​អំពីកិច្ចព្រមព្រៀងដែលខិតជិតមកដល់ និងនិយាយថា មិនចង់​ប្រញាប់ពេកនោះទេ។

ចំណែកក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញថា​មានការស្របគ្នាលើផ្នែកដ៏ធំនៃបញ្ហា​ទាំងឡាយ​​​ដែល​កំពុងពិភាក្សា ប៉ុន្តែបដិសេធចោលអំពីគំនិតដែលថា កិច្ចព្រមព្រៀងមួយ​ខិត​ជិត​មកដល់។

តើចំនុចអ្វីខ្លះដែលគេដឹងថា ភាគីទាំងពីរហាក់ដូចជាព្រមព្រៀង និងចំណុចណាខ្លះទៀត ដែល​ហាក់​​ដូចជាជំទាស់គ្នា?

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មៃអ៊ីល បាហ្គៃ បានឲ្យគេដឹងកាលពីថ្ងៃសៅរ៍ថា បញ្ហា​នុយក្លេអ៊ែរ មិនទាន់រាប់បញ្ចូលទេនូវដំណាក់កាលនេះ អំពីពិធីការនៃកិច្ចព្រមព្រៀង​ដែល​កំពុង​ពិភាក្សា  និងថា ពួកវា នឹងត្រូវលើកឡើងនៅអំឡុង​កិច្ចចរចាដាច់ដោយឡែក។

ប៉ុន្តែសារព័ត៌មាន ញូយ៉ក ថែមស៍ (New York Times) ដែលស្រង់សំដីមន្រ្តីជាន់ខ្ពស់អាម៉េរិក ២​នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ចំនុចកណ្តាលនៃកិច្ចព្រមព្រៀងនេះនឹង​ជា​​ការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ដើម្បីបោះបង់ចោលស្តុកអ៊ុយរ៉ានីញ៉ូម​ដែលបានចម្រាញ់​កម្រិត​ខ្ពស់របស់ខ្លួន។

សារព័ត៌មានប្រចាំថ្ងៃរបស់អាម៉េរិកមួយនេះ បន្ថែមថា ទោះយ៉ាងណា វិធីសាស្ត្រ ដែល សាធារណរដ្ឋ​អ៊ីស្លាមត្រូវអនុវត្ត នឹងត្រូវបានលើកឡើងក្នុងវគ្គចរចាថ្មីមួយស្តីអំពីកម្មវិធី​នុយក្លេអ៊ែរ​​របស់អ៊ីរ៉ង់។

ចំណែកទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ហ្វា (Fars) និង តាស្នីម (Tasnim) បញ្ជាក់ថា បញ្ហា​ពាក់ព័ន្ធ​ទៅនឹងនុយក្លេអ៊ែរនឹងត្រូវចរចាក្នុងអំឡុង ៦០ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខា​លើ​ពិធី​ការ​នៃ​កិច្ចព្រមព្រៀង។ ហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មានហ្វា បានឲ្យដឹងថា អ៊ីរ៉ង់មិន​បាន​សន្យានៅក្នុងកិច្ច​ព្រមព្រៀងនេះដើម្បីប្រគល់ស្តុកនុយក្លេអ៊ែរ ដកចេញនូវឧបករណ៍ បិទ​រចនា​សម្ព័ន្ធរោងចក្រ ឬ​ក៏មិនផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោក​ព្រមព្រៀង​​ជាមួយ​លោកដូណាល់ ត្រាំ ថា រាល់កិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់នឹងត្រូវ​បំបាត់ចោល​ទាំង​ស្រុងនូវការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសនេះ។

សម្រាប់ការបើកច្រកសមុទ្រអ័រមូសឡើងវិញ ដែលត្រូវបិទតាមសភាពជាក់ស្តែងដោយអ៊ីរ៉ង់ ចាប់​​តាំងពីការចាប់ផ្តើមនៃសង្រ្គាមដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាល​​ពីថ្ងៃទី២៨ ខែកុម្ភៈ ក៏ជាចំនុចកណ្តាលនៃកិច្ចពិភាក្សាផងដែរ។ ការរាំងខ្ទប់ស្ទើតែ​ទាំងស្រុង​នូវច្រកសមុទ្រនេះ ដែលជាច្រកឆ្លងកាត់មុនសង្រ្គាមនូវឥន្ធនៈ ២០% សម្រាប់​ការ​ប្រើប្រាស់​នៅលើពិភពលោក បានធ្វើឲ្យតម្លៃប្រេងហក់ឡើង និងធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​រំជើបរំជួល។ មុនការប្រទូស្តរាយ នាវានានាបានឆ្លងកាត់ទីនោះដោយ​សេរី។

កាលពីថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បានលើកឡើងថា ការសម្របសម្រួលមួយ​ត្រូវ​បាន​ពិភាក្សា​យ៉ាងទំលំទូលាយ ដែលគ្រោងបើកច្រកសមុទ្រ។ សារព័ត៌មានតាស្នីម បញ្ជាក់ថា ៖ “លក្ខន្តិកៈនៃច្រកសមុទ្រអ័រមូសនឹងមិនវិលត្រឡប់មកកាន់​ស្ថានភាពមុនសង្រ្គាមវិញឡើយ។” ពាក់ព័ន្ធនឹងការបិទខ្ទប់របស់អាម៉េរិកលើកំពង់ផែអ៊ីរ៉ង់ ទីភ្នាក់ងារព័ត៌មានតាស្នីម បានឲ្យដឹងថា វានឹងត្រូវដកចេញវិញទាំងស្រុងក្នុងរយៈពេល ៣០ថ្ងៃ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ បានថ្លែងថា ការរាំងខ្ទប់នេះស្ថិតនៅចូលជាធរមាន​ពេញលេញនៅខណៈដែល​កិច្ច​ព្រមព្រៀង​​មួយមិនទាន់បានចុះហត្ថលេខាទេនោះ។

 

 

Daily Program

Livesteam thumbnail