ចិន បញ្ជាក់ជំហរក្នុងការបន្តគាំទ្រដល់កម្ពុជា ផ្ទុយពីការផ្សាយរបស់សារព័ត៌មានមួយចំនួន
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហរបន្តគាំទ្រកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយថ្មីៗកំពុងតែដំណើរការ។
លោកបានបញ្ជាក់ដូចនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោកបានលើកឡើងថា ៖ «ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។
លោក វ៉ាង វិនពីន បានបញ្ជាក់ថា ៖ «រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។
ទាក់ទងនឹងចំណុចនេះដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងឡើងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាទំនាក់ទំនងដែលបន្តមានការស្អិតរមួតដែលត្រូវបានពង្រឹងតាមរយៈការវិនិយោគតាមរយៈកិច្ចសហប្រតិបត្តិការនានាដែលមានជាធរមាន។
លោកថា ៖ «ខ្ញុំសូមបញ្ជាក់ដែរថា នៅពេលថ្មីៗនេះ យើងមានគម្រោងជាច្រើនរវាងប្រទេសទាំងពីរដែលបន្តត្រូវពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងក្របខណ្ឌនៃការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រាប់ទាំងសម្បទានជាច្រើនទៀតដែលយើងគ្រោងនឹងមានជាមួយគ្នា»។
ពាក់ព័ន្ធនឹងព័ត៌មានដែលផ្សព្វផ្សាយថាចិនឈប់ផ្តល់កម្ចីគឺលោក មាស សុខសេនសាន ថាលោកដូចជាអស់សំណើចដែលគម្រោងទាំងនេះកំពុងតែសិក្សាអំពីសមិទ្ធិលទ្ធភាព និងសិក្សាពីផលប៉ះពាល់ទាំងសេដ្ឋកិច្ច និងសង្គម មុនពេលឈានដល់ការចុះកិច្ចព្រមព្រៀងនៅពេលឆាប់ៗខាងមុខនេះ តែបែរជាមានព័ត៌មានថាកម្ពុជាពុំមានទទួកម្ចី។
លោកថ្លែងថា ៖ «ខ្ញុំគិតថានេះជាព័ត៌មានបំភាន់សាធារណៈមតិជាច្រើនបងប្អូនប្រជាពលរដ្ឋអាចច្រឡំ ហើយដែលខ្ញុំយកឱកាសនេះដើម្បីបញ្ជាក់ថាយើងមានទំនាក់ទំនងជាមួយគ្នា ជាពិសេសនៅក្នុងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង សម្តេចតេជោ ដែលទើបតែបញ្ចប់ទស្សនកិច្ចថ្មីៗនៅប្រទេសចិនផងដែរ»៕